ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ចូលចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩នាថ្ងៃកាន់បិណ្ឌនេះ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាព្រឹកនេះសម្តេចតេជោ បានលើកឡើងថា « ថ្ងៃទី១២ខែកញ្ញានេះ គឺជាថ្ងៃកាន់បិណ្ឌ១០ នៃពិធីបុណ្យភ្ជុំបិណ្ឌដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។ នេះជាពេលវេលាមួយដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទមានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងការជួបជុំសាច់ញាតិបងប្អូននៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីអារាមនានា»។

ជាមួយគ្នានោះ សម្តេចតេជោនាយរដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងថ្ងៃកាន់បិណ្ឌនេះសូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ទឹកអាល់កុលនឹងពាក់ម៉ាសក្នុងពេលចូលរួមពិធីដែលមានអ្នកចូលរួមច្រើនដូចជាក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះជាដើម។កុំធ្វេសប្រហែសឬមើលស្រាលជំងឺកូវីដ-១៩អោយសោះព្រោះជាជំងឺឆ្លងរាតត្បាតសាហាវខ្លាំងណាស់ ហើយពុំទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ឆ្លៀតនាឳកាសនោះ សម្តេចតេជោ ក៏បានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ និងសម្រួលចរាចរណ៍ឱ្យបានល្អប្រសើរដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋនិងទេសចរនៅក្នុងកំឡុងពេលបុណ្យភ្ជុំនេះ៕