រាជធានីភ្នំពេញ៖ "សាមគ្គីភាព និងឯកភាពគ្នាក្នុងតំបន់ និងជាសកល ជាធាតុសំខាន់មិនអាចខ្វះបាន ក្នុងកំឡុងពេលនៃវិបត្តិកូវីដ១៩។" នេះជាប្រសាសន៍របស់សម្ដេចតេជោ នាយករដ្ឋមន្រ្ដី ថ្លែងក្នុងកិច្ចប្រជុំពិសេសលើកទី៣១ របស់មហាសន្និបាតអង្គការសហប្រជាជាតិ នាព្រឹកថ្ងៃទី៤ ធ្នូ ២០២០ តាមអនឡាញ។

កម្ពុជាយល់ឃើញថា ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ មិនត្រូវបានប្រទេសណាមួយឆ្លៀតយកមកអនុវត្ត ជារៀបវារៈភូមិសាស្រ្ដនយោបាយរបស់ខ្លួននោះឡើយ។ 

សម្ដេចតេជោ បន្តមានប្រសាសន៍ថា "ខណៈដែលជីវិតប្រជាជនរាប់លាននាក់ ក្នុងពិភពលោកកំពុងស្ថិតក្នងុហានិភ័យ ការធ្វើនយោបាយរបស់ប្រទេសណាមួយលើបញ្ហាសុខភាពសាធារណៈ និងបរិហាររបស់ពួកគេ គឺមិនមានប្រយោជន៍អ្វីដល់ការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ នេះទេ"។

សូមជម្រាបជូនដែរថា តាមតួរលេខចុងក្រោយ គិតត្រឹមម៉ោង ៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ បើយោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ worldmeter បានបង្ហាញថា ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៦៤,៩៥៣,៣២២នាក់ ដែលក្នុងនោះអ្នកជំងឺចំនួន ១,៥០១,៦០២នាក់បានស្លាប់បាត់បង់ជីវិត និង ៤៥,០៤៣,៥៩៥នាក់ផ្សេងទៀត ត្រូវបានព្យាបាលឲ្យជាសះស្បើយឡើងវិញ នៅទូទាំងសកលលោក៕

សម្ដេចតេជោ ថ្លែងក្នុងកិច្ចប្រជុំUN តាមវីដេអូ Conference ព្រឹកទី៤ ខែធ្នូ​ ឆ្នាំ​២០២០