រាជធានីភ្នំពេញ៖ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្តីបន្ទោសខ្លាំងទៅកាន់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថាជារដ្ឋមន្ត្រីដែលធ្វើការងារ មិនចេះសហការជាមួយអ្នកណា និងថាជារដ្ឋមន្រ្តីជិះសេះមើលផ្កា។ 

ការស្ដីបន្ទោសខ្លាំងៗបែបនេះ សំដៅលើការងារពាក់ព័ន្ធនឹងការគ្រប់គ្រងតម្លៃសាច់ជ្រូក ការនាំចូលជ្រូក ដែលសម្ដេចបានលើកឡើង ក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ នាថ្ងៃទី ២៣ កុម្ភៈ ២០២២។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ គេហៅលោកឯងទៅប្រជុំ លោកឯង មិនព្រមទៅ ខ្ញុំបានមើលឃើញសំបុត្រតគ្នាទៅវិញទៅមក មើលលោកឯងចេះសហការបន្តិចមើល! ចំពោះមុខមានគណៈកម្មការគោលនយោបាយ និងហិរញ្ញវត្ថុមួយហើយ មិនមែនលោកឯងដឹកនាំក្រសួងកសិកម្មមួយហើយត្រួតត្រាសេដ្ឋកិច្ចខ្មែរទាំងមូលឯណា? ថ្ងៃមុនខ្ញុំក្តៅស្លឹកត្រចៀក ឲ្យធ្វើយូរហើយមិនព្រមធ្វើ ។

សម្ដេចតេជោ បានលើកឡើងពាក់ព័ន្ធបញ្ហាសាច់ជ្រូកឡើងថ្លៃនេះ មិនអាចធ្វើតម្រូវតែចិត្តអ្នកចិញ្ចឹមតែប៉ុន្មានពាន់នាក់នោះទេ គឺត្រូវគ្រប់គ្រងអតិផរណា តម្លៃលើទីផ្សារផងដែរ។ កម្ពុជាជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ជាសមាជិកតំបន់ពាណិជ្ជកម្មសេរីអាស្តា ជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានចិន ជាសមាជិកកិច្ចព្រមព្រៀងជ្រុងជ្រោយអាសិប ដូច្នេះកម្ពុជាមិនអាចយកវិធានការដាច់ដោយឡែក គឺបិទការទំនិញចេញនាំចូលបាននោះទេ។ 

សម្តេចតេជោ ហ៊ុន សែន តឹងទ្រូងពីរបៀបធ្វើការរបស់លោក វេង សាខុន ជាពិសេសលើការងារចែកពូជស្រូវកន្លងទៅដោយសារទឹកជំនន់ នៅខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ។

ប្រសាសន៍សម្ដេចតេជោ​​​​​៖ ខ្ញុំស្គាល់លោកឯងជាងអីទៀត រៀបធ្វើការឯកឧត្តម ប្រហែលជារបៀបជិះសេះមើលផ្កា។ ខ្ញុំនៅទីនេះ ខ្ញុំគ្រប់គ្រងស្ថានការណ៍មុន ខុនឯង តើខ្ញុំមិនដឹងឬយ៉ាងម៉េច?