រាជធានីភ្នំពេញ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានប្រកាសអនុញ្ញាតឲ្យការជួបជុំដោយមិនកំណត់ចំនួនមនុស្សចូលរួម(ស្របតាមច្បាប់) តែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។

ការអនុញ្ញាតនេះ គឺជាសារបន្ថែមលើសារសំឡេងដែលសម្ដេចតេជោ បានមានប្រសាសន៍អនុញ្ញានូវការចូលរួមក្នុងពិធីមង្គលការ និង ពិធីសាសនាផ្សេងៗ ដោយមិនកំណត់ចំនួនមនុស្ស តែត្រូវគោរពហ្មត់ចត់តាមវិធានការពារសុវត្ថិភាព ស្របតាមការកំណត់របស់ក្រសួងសុខាភិបាល និង អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីបង្ការនូវការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩។

សាររបស់សម្ដេចតេជោ៖ ខ្ញុំសូមបញ្ជាក់បន្ថែមថា ការជួបជុំដោយមិនកំណត់ចំនួនមនុស្សចូលរួម តែត្រូវគោរពតាមវិធានសុខាភិបាល ដើម្បីការពារសុវត្ថិភាពពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះ ក៏ត្រូវបានអនុញ្ញាតដូចគ្នាដែរ សម្រាប់ការជួបជុំជាទូទៅផ្សេងទៀត ដើម្បីបំពេញការងារ ឬ ធ្វើសកម្មភាព និង ប្រារព្ធពិធីផ្សេងៗ រួមមាន ការជួបជុំរបស់ប្រជាពលរដ្ឋ, យុវជន សិស្ស និង និស្សិត, កម្មករ-និយោជិត, ក៏ដូចជាការជួបជុំរបស់មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ រួមបញ្ចូលទាំងការជួបជុំស្របតាមច្បាប់អនុញ្ញាត ដែលរៀបចំឡើងដោយគណបក្សនយោបាយនានាផងដែរ។

សូមជម្រាបជូនដែរថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកដំណើរការប្រទេសឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី ១វិច្ឆិកា ២០២១ កន្លងមកនេះ តែសម្រាប់រង្គសាល KTV និងឌីស្ដូ ប៉ុណ្ណោះដែលនឹងគ្រោងឲ្យបើកឡើងវិញនៅក្រោយថ្ងៃ ៣០វិច្ឆិកា ដោយរួមជាមួយការរៀបចំ ស្ដង់ដារប្រតិបត្តិ (SOP) សម្រាប់វិស័យនេះផ្ទាល់ផងដែរ ដែលម្ចាស់អាជីវកម្មនីមួយៗត្រូវអនុវត្តន៍តាម និងត្រូវស្នើសុំការអនុញ្ញាត វាយតម្លៃការបើកទីតាំងឡើងវិញជាមុនពីអាជ្ញាធរ ផងដែរ៕