ខេត្តសៀមរាប៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស​ពី​ទស្សនវិស័យ ជំរុញការប្រែក្លាយតំបន់អភិវឌ្ឍន៍រុនតាឯក ទៅជាក្រុងមួយរបស់ខេត្តសៀមរាប និងបាន​បញ្ជាឲ្យក្រសួង ស្ថាប័ន ពាក់ព័ន្ធ ​និងអាជ្ញាធរខេត្ត កសាងហេដ្ឋារចនាសម្ព័ន្ធនានា​សម្រាប់បម្រើ​ប្រយោជន៍​របស់ប្រជាពលរដ្ឋ។

នៅថ្ងៃទី១៣ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរខេត្ត​ធ្វើការ​អភិវឌ្ឍផ្លូវ រៀបចំប្រព័ន្ធទឹកស្អាត បណ្ដាញអគ្គិសនី ​សាងសង់មន្ទីរពេទ្យ សាលារៀនពីបឋម​សិក្សា ដល់វិទ្យាល័យ រៀបចំឲ្យមានផ្សារ ​រៀបចំប្រព័ន្ធសេវាទូរស័ព្ទ រួមទាំងការកសាង​នូវហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់ផ្សេងៗទៀត។

ចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញានេះ ​បាន​បញ្ចប់​ការវាស់ វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដី នៅភូមិគោលដៅទាំង១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ ​និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមាន​សំណង់​ ចំនួន៣៩,០៤០ក្បាលដី, ក្បាលដីគ្មាន​សំណង់​ចំនួន ៤៧,៣៤០ក្បាលដី ​និងក្បាលដីស្រែចម្ការ ចំនួន ៦,៩៩១ក្បាលដី។

ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យពលរដ្ឋរស់នៅទីតាំងថ្មីនេះ ខិតខំប្រែក្លាយ​តំបន់​អភិវឌ្ឍន៍រុនតាឯក ​ឱ្យទៅជាតំបន់ទេសចរណ៍ ​ដែលមានភាពទាក់ទាញ ​ដើម្បីបង្កើតជាប្រាក់ចំណូល សម្រាប់ផ្គត់ផ្គង់គ្រួសារ៕