រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ លោកតា លោកយាយ អាយុជាង ១០០ឆ្នាំ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៣នាក់ ទទួលបានការលើកទឹកចិត្តពី សម្ដេចតេជោ នាយករដ្ឋមន្រ្តី ដោយបានផ្ដល់ថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។

លោកតា លោកយាយ ចំនួន ៣នាក់ ដែលទទួលបានថវិកាលើកទឹកចិត្ដ ម្នាក់ចំនួន៣លានរៀល ពី សម្ដេចតេជោ រួមមាន៖

  • លោកយាយ ទូច ហាន អាយុ ១០១ឆ្នាំ រស់នៅភូមិ រកាកោង១ ឃុំរកាកោង ស្រុកមុខកំពូល ខេត្ដកណ្ដាល
  • លោកយាយ ស៊ុ ថាប់ អាយុ ១០០ឆ្នាំ រស់នៅភូមិស្វាយជ្រុំ, ឃុំស្វាយជ្រុំ, ស្រុកខ្សាច់កណ្ដាល, ខេត្តកណ្ដាល
  • លោក តា សុខ ឡេង អាយុ ១០៣ឆ្នាំ រស់នៅភូមិ១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោកជំទាវ ឱ វណ្ណឌីន៖ «កាលពីដើមខែកក្កដា កន្លងទៅយើងបានរកឃើញលោកតា លោកយាយ អាយុជាង១០០ឆ្នាំ ដែលស្ម័គ្រចិត្ដមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន៨នាក់ ដែលក្រុមការងារយើង បាននាំយកថវិការបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រគល់ជូនដល់លោកតា លោកយាយរួចមកហើយ។ សម្រាប់វគ្គនេះ យើងបានរកឃើញ ១៣នាក់បន្ថែមទៀត មានអាយុចាប់ពី១០០ឆ្នាំឡើងទៅ ដោយព្រឹកនេះយើងបាននាំយកថវិការបស់សម្ដេចតេជោ ប្រគល់ជូនលោកតា លោកយាយ ចំនួន៣នាក់រួចរាល់ នឹងប្រគល់ជូនពួកគាត់ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន»៕