រាជធានី​ភ្នំពេញ​៖ សម្តេច​តេ​ជោហ៊ុន សែន បាន​លើកឡើងថា ករណី​ទំនាស់​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបងក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្តបាត់ដំបងត្រូវ​ដកហូត​ត្រឡប់មកវិញ​នូវ​ដី ដែល​បុគ្គល​ឈ្មោះ សង ថន បាន​ទន្ទ្រាន​រំលោភ​យកដោយ​ខុសច្បាប់ និង​ត្រូវប្រគល់​ឲ្យ​រដ្ឋបាល ខេត្តបាត់ដំបង គ្រប់គ្រងនិង​រក្សាទុក​សម្រាប់ធ្វើ​ប្រទានកម្ម ជូន​ប្រជាពលរដ្ឋក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច​។ នេះបើតាមការថ្លែងរបស់សម្ដេចតេជោ ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រីកាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៣ ខែកក្កដា ឆ្នាំ​២០២០​។

បើតាមការបញ្ជាក់បន្ថែម ជនខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋដីប្រជាជនក៏នឹងត្រូវ ដកហូតមុខតំណែង និងបណ្ដេញចេញពីគណបក្សប្រជាជនផងដែរ។

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថាអង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវធ្វើ​ការងារ​នេះ បន្តទៅទៀត​។ ដំណាក់កាល​នេះជា​ពេល ដែល​ត្រូវធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណាដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​កលល្បិច​ផ្សេងៗគឺ​ត្រូវ​ផ្តន្ទាទោស ហើយនឹង​ឈានដល់​ការដកហូត​មុខតំណែងនិង​ត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។ចំពោះ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយណា ដែល​ចេញពី​អំពើ​ទុច្ចរិតគឺត្រូវធ្វើ​មោឃភាព​ចោល​។​​

សូមរំលឹកដែរថា ​កាលពី​ថ្ងៃទី​២៧ ខែមិថុនាឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​លោក ម៉ៅសុ​ចាន់ ពី​អភិបាលស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ​៕​