រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់អភិបាលរាជធានីខេត្ត កែសម្រួលលើការអនុវត្តវិធានការធ្វើចត្តាឡីស័ក ចំពោះប្រជាពលរដ្ឋចូលទៅខេត្តខ្លួននោះ ដោយសង្កេតឃើញខេត្តមួយចំនួនបាន ដាក់វិធានការតម្រូវឲ្យពលរដ្ឋដែលធ្វើដំណើរចូលខេត្តរបស់ខ្លួនត្រូវយកសំណាកនិងធ្វើចត្តាឡីស័ក១៤ថ្ងៃ។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន៖ សូមឱ្យឯកឧត្តម លោកជំទាវ អភិបាលខេត្តណា ដែលបានចេញសេចក្តីសម្រេចហួសទៅហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឱ្យមានការចរាចរណ៍។

ការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីអភិបាលខេត្តមួយចំនួន បានសម្រេចអនុវត្តន៍វិធានការតម្រូវឱ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ក នៅពេលចូលទៅកាន់ខេត្តរបស់ខ្លួន ដូចជាខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែងជាដើម។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះ «យើងត្រូវបន្តគ្រប់គ្រង និងធ្វើចត្តាឡីស័កចំពោះតែអ្នកដែលសង្ស័យមានហានិភ័យអាចមានជំងឺកូវីដ១៩ ទៅយកសំណាក ហើយឱ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សដែលឆ្លងខេត្តនោះទេ។ »

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា សម្តេចមិនបានឱ្យទម្លាក់ចោលវិធានការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ១៩នោះទេ គ្រាន់តែត្រូវអនុវត្តវិធានការទន់ភ្លន់មួយចំនួនដូចរាជធានីភ្នំពេញ ដោយកំណត់តំបន់ត្រូវបិទខ្ទប់ក្នុងករណីតំបន់នោះមានការរីករាលដាលខ្លាំង៕