រាជធានីភ្នំពេញ៖ សម្តេចតេជោបានមានប្រសាសន៍ បង្ហាញពីគោលបំណងចង់ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែឲ្យទៅជាមន្ទីរពេទ្យឯកទេសខាងព្យាបាលជំងឺមហារីកនាពេលខាងមុខផងដែរ។ 

មានប្រសាសន៍នៅក្នុងកម្មវិធីនៃការជួបសំណេះសំណាលជាមួយ កីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម កាលពីថ្ងៃទី ២៨ មេសា ២០២២។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការពិចារណាបំលាស់ទីអ្នកជំងឺកូវីដ-១៩ ពីពហុកីឡដ្ឋានជាតិអូឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លងម៉ែ ឬកន្លែងផ្សេង ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឡប់ទៅបម្រើការងារកីឡាឡើងវិញ។

ការបំលាស់ទីនេះ គឺដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ការប្រកួតកីឡាផ្សេងៗ ពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំក្រោយ។ 

ការបំលាស់ទីតាំងអ្នកជំងឺនេះ សម្តេចតេជោបានផ្តល់យោបល់ថា អាចយកពួកគាត់ទៅមណ្ឌលចាក់អង្រែ ឬទៅមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ព្រែកព្នៅ តែមណ្ឌលនេះបើតាម ឯកឧត្តម ឃួង ស្រេង ថាអាចនឹងសាងសង់រួចរាល់ដើមឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជំងឺកូវីដ-១៩ បានថមថយក៏ពិតមែន តែកម្ពុជាមិនបោះបង់ការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈនោះឡើយ គឺយើងត្រូវតែបន្តការការពារជាបន្តទៀត៕