សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំដល់មន្រ្ដីក្រោមឱវាទទាំងអស់ ត្រូវតម្កើនផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងនៅលើទំព័រ Facebookផ្លូវការនៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៨នេះ ដោយបានណែនាំដល់មន្រ្តីក្រោមឱវាទទាំងអស់នៃក្រសួងមហាផ្ទៃ ត្រូវបន្តខិតខំធ្វើការបម្រើប្រជាពលរដ្ឋ ឲ្យមានប្រសិទ្ធភាពតាមភារកិច្ច តួនាទីរៀងៗខ្លួន ក្រោយគណបក្សប្រជាជនកម្ពុជា ត្រូវបានប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ទូទាំងប្រទេស បានផ្តល់សេចក្តីទុកចិត្តនិងបានបោះឆ្នោតជូន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

សម្តេចក្រឡាហោម បានចាត់ទុកសមិទ្ធិផល និងស្នាដៃទាំងអស់ខាងលើនេះ ធ្វើឲ្យរាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា ទទួលបានជោគជ័យយ៉ាងធំធេងជាប្រវតិ្តសាស្រ្តពិសេសសុខសន្តិភាព ស្ថរភាព សន្តិសុខ សណ្តាប់សាធារណៈ ការពារបាននូវបូរណភាពទឹកដីអធិបតេយ្យជាតិ ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងជីវភាពរស់របស់ប្រជាពលរដ្ឋមានការប្រសើរឡើង។

សម្ដេចក្រឡាហោមបានបន្ថែមថា«បញ្ហាប្រឈមនៅចំពោះមុខយើងនៅមានជាច្រើនទៀតដែលរាជរដ្ឋាភិបាលអាណត្តិទី៦ ត្រូវដោះស្រាយ ពិសេសការបន្តពង្រឹង សុខសន្តិភាពស្ថេរភាព និងការអភិវឌ្ឍន៍ជនបទ បំរើដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋពិសេសផ្លូវ ភ្លើង ទឹកស្រោចស្រប់ ទឹកស្អាត និងអនាមយ័ជនបទ»

សម្តេចក្រឡាហោម ក៏បានណែនាំដល់មន្រ្ដីក្រោមឱវាទទាំងអស់ ត្រូវតម្កើនផលប្រយោជន៍ជាតិធំជាងអ្វីៗទាំងអស់