ខេត្តត្បូងឃ្មុំ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបង្ហាញការព្រួយបារម្ភចំពោះបញ្ហាគ្រឿងញៀន ដែលបានចូលដល់ក្នុងសហគមន៍ជនបទ ហើយសម្តេចបានជំរុញដល់ អាជ្ញាធរតាមមូលដ្ឋាន ត្រូវបន្ដផ្សព្វផ្សាយអំពីផលវិបាក ចំពោះបញ្ហាការប្រើប្រាស់គ្រឿងញៀន ស្របជាមួយវិធានការក្នុងការការពារជំងឺកូវីដ-១៩ ផងដែរ។ នេះបើតាមការលើកឡើងរបស់សម្ដេច ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវទីតាំង និងសមិទ្ធផលនានា របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖ «បទល្មើសគ្រឿងញៀន ខ្ញុំមានការបារម្ភច្រើន ចង់ច្រើនជាងកូវីដ-១៩ទៀត ដោយសារកូវីដ-១៩ មិនទាន់ដល់ជនបទទេ ប៉ុន្ដែគ្រឿងញៀនបានចាប់ផ្ដើមបញ្រ្ជាបដល់ជនបទហើយ។ »

សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់អាជ្ញាធរ ត្រូវបន្ដទប់ស្កាត់គ្រឿងញៀននៅតាមសហគមន៍ ហើយពេលណាគ្រឿងញៀន រាលដាលក្នុងសហគមន៍កាន់តែខ្លាំងនាំឱ្យពិបាកធ្វើទប់ស្កាត់។ សម្ដេចថ្លែងថា នាពេលកន្លងមក អាជ្ញាធរ ក៏បានបង្ក្រាបបទល្មើសគ្រឿងញៀន បានធ្វើយ៉ាងច្រើនផងដែរ៕