សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីផ្សារអ៊ីអ៊ន១ និង សាលារៀនអន្តរទ្វីបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្ដោះអាសន្នរយៈពេល ២ សប្ដាហ៍ដែលត្រូវបានបិទ ថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសសម្រេចបិទ "សណ្ឋាគារភ្នំពេញ" ចំនួន២ថ្ងៃ ជាបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកជំងឺកូវីដ ១៩ បានទៅហាត់ប្រាណនិងហែលទឹកនៅទីនោះ ។
តាមការស្រាវជ្រាវ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ អ្នកជំងឺបានទៅហាត់ប្រាណ និងងូតទឹកនៅសណ្ឋាគារភ្នំពេញ ដូច្នេះ ក្រសួងសុខាភិបាល ទទួលបានការឯកភាពពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការបិទសណ្ឋាគារនេះរយ:ពេលពីរថ្ងៃដើម្បីស្រាវជ្រាវរកអ្នកបះពាល់ និងយកសំណាកមកធ្វើតេស្ត។ នេះបើតាមការលើកឡើងរបស់ ក្រសួងសុខាភិបាលនាព្រឹកទី ២៩ វិច្ឆិកា នេះ។
ក្រសួងបានបន្តថា សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាប ហើយអ្នកដែលពាក់ព័ន្ធនៅថ្ងៃនោះ សូមមកធ្វើតេស្តនៅថ្ងៃនេះ នៅតាមទីតាំងរៀបចំដោយក្រសួងសុខាភិបាល បានចេញផ្សាយនៅព្រឹកមិញនេះ ឲ្យបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថានៅថ្ងៃទី ២៩ វិច្ឆិកានេះ ក្រសួងសុខាភិបាល បានប្រកាសនៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ថា មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ៧ នាក់ ដែលក្នុងនោះ ៦ នាក់ជាក្រុមគ្រួសាររបស់លោក ឆែម សាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារដែលមានវិជ្ជមានកូវីដ ១៩ ៕