នាពេលថ្មីៗនេះក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ iOS ១៤ សម្រាប់ទូរស័ព្ទ iPhone ដែលបានបន្ថែមនូវមុខងារជាច្រើន ជាពិសេសគឺមុខងារការពារឯកជនភាព និងសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។

ដូចអ្វីដែលបងប្អូនបានដឹងហើយថា ក្នុងប្រព័ន្ធប្រតិបត្តិការ iOS តែងតែគិតគូរដល់ឯកជនភាពរបស់អ្នកប្រើប្រាស់ រាល់កម្មវិធីដែលមានបំណងប្រើប្រាស់នូវមុខងារកាមេរ៉ា ថតសម្លេង ឬកំណត់ទីតាំង GPS ត្រូវទាមទារការអនុញ្ញាតពីអ្នកប្រើប្រាស់ជាមុន ទោះជាយ៉ាងណាកម្មវិធីមួយចំនួនបានបំពានឯកជនភាព ដោយធ្វើការលួចថតនូវរូបភាព វីដេអូ ឬសំលេងដោយអ្នកប្រើប្រាស់ពុំបានដឹងខ្លួន។

ដើម្បីការពារបញ្ហានេះ ក្រុមហ៊ុន Apple បានបន្ថែមមុខងារផ្តល់ដំណឹងចំនួន ០២ ក្នុងប្រព័ន្ធប្រតិបត្តិការ iOS ១៤ ដើម្បីបង្ហាញអ្នកប្រើប្រាស់ អំពីកម្មវិធីដែលកំពុងប្រើប្រាស់កាមេរ៉ា ឬថតសំលេង ដែលមានបកស្រាយសង្ខេបជូនខាងក្រោម៖

- និមិត្តសញ្ញា "គ្រាប់ពណ៌ប៉ៃតង"៖ មានទីតាំងខាងលើ និងផ្នែកខាងស្តាំនៃអេក្រង់ទូរស័ព្ទ ជាសញ្ញាបង្ហាញថាកម្មវិធីក្នុងទូរស័ព្ទរបស់អ្នក កំពុងប្រើប្រាស់តួរនាទីថតរូបភាព ឬវីដេអូ។

- និមិត្តសញ្ញា "គ្រាប់ពណ៌លឿង"៖ មានទីតាំងខាងលើ និងផ្នែកខាងស្តាំនៃអេក្រង់ទូរស័ព្ទ ជាសញ្ញាបង្ហាញថាកម្មវិធីក្នុងទូរស័ព្ទរបស់អ្នក កំពុងប្រើប្រាស់តួរនាទីថត ឬស្រូបសំលេង។

នាយកដ្ឋានព័ត៌មានវិទ្យា