វេណេស៊ុយអេឡា បានដឹកជញ្ជូនមាស ចេញពីប្រទេស ចំនួន 3តោន នៅថ្ងៃទី 26 ខែមករា។

វ៉េណេស៊ុយអេឡា៖ មន្រ្តីរដ្ឋាភិបាលជាន់ខ្ពស់ វ៉េណេស៊ុយអេឡាម្នាក់ បាននិយាយថា ទីក្រុង ការ៉ាកាស មានគម្រោងលក់មាស ចំនួន 29 តោន ទៅឱ្យអារ៉ាប់រួមដូរជាប្រាក់ អឺរ៉ូ។ ប្រាក់ចំណូលនេះ ត្រូវប្រើប្រាស់សម្រាប់ ការនាំចូលទំនិញ មូលដ្ឋានសម្រាប់ប្រជាជនក្នុងប្រទេស។នេះបើតាម ការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Reuters ។

យោងតាមមន្ត្រីរូបនេះ ការលក់មាស បានផ្ដើមដឹកជញ្ជូនចេញពីប្រទេសចំនួន 3តោន នៅថ្ងៃទី 26 ខែមករា។ គេរាយការណ៍ថា ទីក្រុង ការ៉ាកាស  ត្រូវការសាច់ប្រាក់ សម្រាប់ការនាំចូលទំនិញដែលចំបាច់ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ហើយលក់ទៅឱ្យប្រជាពលរដ្ឋ ក្នុងតម្លៃឧបត្ថម្ភធនពីរដ្ឋ។

ការទូទាត់ថ្លៃមាស ជាអឺរ៉ូ គឺដោយសារ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក មិនឲ្យមានការប្រើ ប្រាក់ដុល្លារ ក្នុងប្រទេសវ៉េណេស៊ុយអេឡា។

យោងតាមទិន្នន័យធនាគារកណ្តាល បានឱ្យដឹងថា ធនាគារបានរក្សាមាសរហូតដល់ 150 តោនត្រឹមខែមករាឆ្នាំ 2018៕