បរទេស៖ តំរូវការសំរាប់ម៉ាស៊ីនបង្កកដែលត្រជាក់ខ្លាំង បានកើនឡើងខណៈពេលដែលរដ្ឋាភិបាលនៃប្រទេសជាច្រើន ត្រៀមដឹកជញ្ជូនវ៉ាក់សាំង Covid-19 ដើម្បីចាក់ដល់ប្រជាពលរដ្ឋរបស់ខ្លួននិងអ្នកដែលងាយរងគ្រោះបំផុត។

វ៉ាក់សាំងកាពារកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុនធំៗត្រូវការរក្សាទុកនៅកន្លែងត្រជាក់ខ្លាំង​។ វ៉ាក់សាំងកូវីដ១៩ ពីក្រុមហ៊ុនរបស់អាឡឺម៉ង់ Pfizer-BioNTech ត្រូវការកន្លែងរក្សាទុក នៅសីតុណ្ហភាពដល់ទៅ -70អង្សារសេ ក្រោមសូន្យ ដែលប្រអប់របស់វាអាចផ្ទុកថ្នាំបានពី ១០០០ ទៅ ៥,០០០ដូស សម្រាប់រយៈពេល ១០ ថ្ងៃ។  រីឯវ៉ាក់សាំងពីក្រុមហ៊ុន Moderna របស់អាមេរិក ត្រូវការរក្សាទុកនៅសីតុណ្ហភាព -20អង្សារសេ និងអាចមានប្រសិទ្ធភាពដល់ទៅ៦ខែ។

ក្រុមហ៊ុន FedEx មានទីតាំងចែកចាយជាង ៥០០០កន្លែង រថយន្តចំនួន ៨០.០០០ គ្រឿង និងយន្ដហោះ ៦៧០ គ្រឿងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ក្នុងវិស័យឡូជីស្ទីក។

លោក Jesal Doshi អនុប្រធានប្រតិបត្តិនៅក្រុមហ៊ុន B Medical Systems បាននិយាយថា ៖ បច្ចុប្បន្ននេះ រដ្ឋាភិបាលជាច្រើនមិនទាន់បានត្រៀមខ្លួននៅឡើយទេ។ 

រដ្ឋាភិបាលចក្រភពអង់គ្លេស បានចំណាយប្រាក់ជិត៤លានផោន សម្រាប់ទិញម៉ាស៊ីន បង្កកសីតុណ្ហភាពខ្លាំង ដែលអាចមានតម្លៃចន្លោះពី ៣.០០០ផោនទៅ ១២.០០០ ផោនក្នុងមួយគ្រឿង។ អ្នកផ្គត់ផ្គង់តូចៗមួយចំនួនបាននិយាយថា ពួកគេបានលក់អស់ហើយម៉ាស៊ីនបង្កកឲ្យត្រជាក់ខ្លាំងដែលបញ្ជាទិញរហូតដល់ខែមីនា។

ទោះបីជាមានបញ្ហាប្រឈមក៏ដោយ តែការតំឡើងប្រព័ន្ធនេះនិងការដឹកជញ្ជូនវ៉ាក់សាំង នៅតែអាចធ្វើទៅបានសម្រាប់ប្រទេសអភិវឌ្ឍន៍ និងកំពុងអភិវឌ្ឍន៍។ហើយការផ្តល់ដល់តំបន់ជនបទនិងសហគមន៍ក្រីក្រ ក៏អាចសំរេចបានដែរ នេះបើតាមការរៀបរាប់របស់លោកJesal Dosi៕ FT