រាជធានីភ្នំពេញ៖ វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងបន្តមកដល់កម្ពុជាចំនួន ១លានដូសទៀត ដែល ៥០ម៉ឺនដូសនឹងមកដល់ថ្ងៃទី ១១ឧសភាខាងមុខ ហើយ៥០ម៉ឺនដូសទៀតនឹងមកដល់នៅថ្ងៃទី ១៥ឧសភា។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងកុំឱ្យមានការព្រួយបារម្ភពីការខ្វះវ៉ាក់សាំង ជាពិសេសតំបន់ក្រហមដែលកំពុងសម្រុកការចាក់ជូនប្រជាពលរដ្ឋជាង ៥២ម៉ឺននាក់។

ប្រសាសន៍ សម្ដេចតេជោ៖ «ខ្ញុំសូមបញ្ជាក់ឱ្យបានច្បាស់ថា វ៉ាក់សាំងសម្រាប់ចាក់ចំនួនជាង ៥២ម៉ឺននាក់ក្នុងតំបន់ក្រហម គឺមិនខ្វះទេ។ ថ្ងៃទី១១ ឧសភា នឹងមកដល់ ៥០ម៉ឺនដូស ថ្ងៃទី១៥ នឹងមកដល់ ៥០ម៉ឺនដូសទៀត គឺមាន១លានដូស នៅក្នុងដៃបន្ថែមទៀត»។  

សម្តេចតេជោ បានចាត់ទុកថា តំបន់ក្រហមជាតំបន់មានហានិភ័យខ្ពស់ ហើយប្រជាពលរដ្ឋត្រូវបានខ្ទប់នៅទីនោះ ក៏លំបាកណាស់ទៅហើយ។ 

សម្តេចតេជោ ក៏បានបញ្ជាឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទាំងអស់នៅតំបន់ក្រហម ទាំងអស់ជាង៥២ម៉ឹននាក់ ដោយចាក់ដូសទី១ ឱ្យអស់រួចហើយ ចាំចាប់ផ្តើមបន្តចាក់វ៉ាក់សាំងដូសទី២។

មកទល់ពេលនេះ វ៉ាក់សាំងដែលកម្ពុជាទទួលបានរួចមកហើយនោះ រួមមាន៖ វ៉ាក់សាំងស៊ីណូហ្វាម ជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីប្រទេសចិន ចំនួន ២លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា តាមអង្គការសុខភាពពិភពលោកចំនួន ៣២៤,០០០ដូស៕