រាជធានីភ្នំពេញ៖ វ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង បានមកដល់កម្ពុជា និងទទួលបានការផ្ដល់កិត្តិយសដ៏ខ្ពង់ខ្ពស់ពីវត្តមាន សម្ដេចតេជោនាយករដ្ឋមន្រ្តី ដើម្បីទទួលនៅព្រលានយន្តហោះ ពោធិ័ចិនតុង នារសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ​២០២១។

សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានថ្លែងពីការដឹងគុណរដ្ឋាភិបាល និងប្រជាចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជា។ សម្ដេចតេជោបន្តលើកឡើងថា ទោះបីជាកម្ពុជាទប់ស្កាត់បានទ្រង់ទ្រាយធំក៏ដោយ វ៉ាក់សាំងជាតម្រូវការដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ១៩ និងពិតជាមានប្រសិទ្ធភាពខ្ពស់សម្រាប់មនុស្សអាយុពី១៨ ដល់៥៩ឆ្នាំ។

យ៉ាងនេះក្ដី សម្តេចតេជោ បានជម្រុញឲ្យកូនប្រុសទាំងបី និងថ្នាក់ដឹកនាំដែលគ្រប់លក្ខខណ្ឌ ត្រូវមកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា។

សូមជម្រាបជូនថា វ៉ាក់សាំងការពារកូវីដ១៩ ដែលបានបញ្ជូនមកនេះ ក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ៕