វៀតណាម៖ រដ្ឋសភាប្រទេសវៀតណាម បានសម្រេចបន្តការកាត់បន្ថយពន្ធបរិស្ថានចំនួន ៣០ភាគរយ លើឥន្ធនៈយន្តហោះ ចាប់ពីដើមឆ្នាំក្រោយដើម្បីគាំទ្រឧស្សាហកម្មអាកាសចរណ៍។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម បានសំរេចកាលពីថ្ងៃព្រហស្បតិ៍ថា  ពន្ធលើប្រេងឥន្ទនៈយន្តហោះ នឹងនៅ 0.091ដុល្លារ ក្នុងមួយលីត្រ រហូតដល់ដំណាច់ឆ្នាំក្រោយ មុននឹងត្រលប់មកនៅ ៣.០០០ ដុង (0.13ដុល្លារ) វិញនៅឆ្នាំ ២០២២ ។ ការកាត់បន្ថយពន្ធលើប្រេងរបស់យន្តហោះនេះ បានចាប់ផ្ដើមពីខែសីហា រហូតដល់ដំណាច់ឆ្នាំនេះ រួចមកហើយ។

ការខាតបង់ប្រាក់ចំណូលរបស់រដ្ឋាភិបាល ត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៥ ទៅ១៨លានដុល្លារ នៅឆ្នាំនេះប៉ុន្តែវារំពឹងថា ការកាត់ពន្ធនឹងជួយកាត់បន្ថយការចំណាយរបស់ក្រុមហ៊ុនអាកាសចរណ៍ និងជួយពួកគេឱ្យរួចផុតពីវិបត្តិដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩។