ភ្នំពេញ ៖ ជាមួយនឹងកំណើនប្រជាជនចូលមករស់នៅក្នុងរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ សម្រាប់តែតម្រូវការទីផ្សារ និងការផ្គត់ផ្គង់លំនៅដ្ឋានផ្ទាល់ដី ដែមានតម្លៃសមរម្យយ៉ាងហោចណាស់មានចំនួនប្រមាណ ១៥០០ខ្នងត្រូវបានលក់ចេញក្នុងមួយឆ្នាំ។

បើទោះជាស្ថិតនៅក្នុងស្ថានភាពដែលកំពុងប្រឈមនឹងបញ្ហានៃវិបត្តិជំងឺកូវីដ១៩ ដែលប៉ពាល់ដល់វិស័យជាច្រើននោះ សម្រាប់តែទីផ្សារលំនៅដ្ឋានកម្រិតមធ្យមដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារ គឺនៅតែអាចរក្សាបាននូវស្ថិរភាពទីផ្សាររបស់ខ្លួន ហើយអាចនឹងកាន់តែរីកចម្រើនល្អប្រសើរជាងនេះ ក្រោមការបន្តអនុវត្តវិធានការលើកលែងពន្ធប្រថាប់ត្រារហូតដល់ដំណាច់ឆ្នាំ២០២១។ 

លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន PREMPIUM Group បានមានប្រសាសន៍ថា ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃចំនួនប្រជាជនចូលមករស់នៅក្នុងរាជធានីភ្នំពេញមានមិនក្រោម១ម៉ឺនទៅ២ម៉ឺននាក់នោះទេ។ 

លោកបានមានប្រសាសន៍បន្តថា “ខ្ញុំនិយាយតែផ្នែកមួយនៃកំណើននិស្សិតមកបន្តការសិក្សានៅរាជធានីភ្នំពេញ ក្នុងមួយឆ្នាំៗមិនក្រោយ២ទៅ៣ម៉ឺននាក់នោះទេ ហើយសុទ្ធតែមានតម្រូវការស្នាក់នៅ។ កាលពីប៉ុន្មានឆ្នាំមុន សិស្ស និស្សិតដែលមកបន្តការសិក្សាថ្នាក់បរិញ្ញានៅរាជធានីភ្នំពេញ ភាគច្រើនគឺជួលបន្ទប់ ឬជួលផ្ទះស្នាក់នៅ ប៉ុន្តែបច្ចុប្បន្ននេះ ដោយសារតែកម្រិតជីវភាពមានភាពល្អប្រសើរ អាចរកបានចំណូលច្រើន ដូច្នេះភាគច្រើនឪពុកម្តាយតែងទិញលំនៅដ្ឋានថ្មីសម្រាប់ឱ្យកូនស្នាក់នៅពេលបន្តសិក្សាតែម្ដង ក្រោយការទទួលបានលក្ខខណ្ឌងាយស្រួលពីក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់”។ 

លោក ម៉ាន់ ច័ន្ទឌី បានបញ្ជាក់ឱ្យដឹងថា កំណើនប្រជាជននៅក្នុងរាជធានីភ្នំពេញគឺមានការកើនឡើងជារៀងរាល់ឆ្នាំ ដូច្នេះតម្រូវការទីស្នាក់អាស្រ័យក៏មានការកើនឡើងដូចគ្នា ជាក់ស្ដែងកាលពីពេលកន្លងទៅ ក៏ដូចជាបច្ចុប្បន្ន ការផ្គត់ផ្គង់តម្រូវការទីផ្សារលំនៅដ្ឋានទាំងនៅក្នុងក្រុង និងនៅតំបន់ជាយក្រុង សរុបមិនក្រោម១៥០០ខ្នងនោះទេដែលបានលក់ចេញ ហើយកំណើននៃតម្រូវការ នឹងនៅតែបន្តកើនឡើងបន្ថែមទៀតខណៈដែលលំហូរប្រជាសាស្ត្រមកក្នុងទីក្រុងនៅតែបន្តកើនឡើងជាលំដាប់។ 

លោក សាត ប៊ុនធឿន ដែលជាភ្នាក់លក់អចលនទ្រព្យនៅក្នុងតំបន់ខណ្ឌដង្កោ បានមានប្រសាសន៍ស្រដៀងការលើកឡើងខាងលើនេះផងដែរ ដោយលោកបានបញ្ជាក់ថា “ស្ទើរតែគ្រប់គម្រោងនៅតំបន់ជុំវិញរាជធានីភ្នំពេញភាគច្រើនសុទ្ធតែមានទីផ្សារល្អ លើកលែងតែគម្រោងដែលស្ថិតនៅទីតាំងមិនសូវអំណោយផលដែលពិបាកលក់”។

លោកបញ្ជាក់ថា “គម្រោងលំនៅដ្ឋានដែលស្ថិតនៅភាគខាងលិចក្នុងខណ្ឌដង្កោ គឺនៅតែមានស្ថានភាពល្អប្រសើរ ហើយអ្វីកាន់តែពិសេសគឺតម្លៃបានបន្តកើនឡើង ខណៈដែលអ្នកទិញក៏នៅតែមានសកម្មភាព។ នៅតំបន់នេះ គម្រោងភាគច្រើនមិននៅទ្រឹងនោះទេ ដោយសារតែទីតាំងគម្រោងមានអំណោយពីហេដ្ឋារចនាសម្ព័ន្ធដែលវិនិយោគដោយរដ្ឋាភិបាលជាច្រើនខ្សែ ជាពិសេសស្ថិតនៅជិតគម្រោងធំដូចជា ផ្សារទំនើប AEON3 ស្ថិតនៅផ្លូវ៦០ម៉ែត្រ មានផ្លូវ៥០ម៉ែត្រនៅអមជាមួយ ស្ថិតនៅជិតគម្រោងព្រលានយន្តថ្មីក្នុងខេត្តកណ្តាល និងគម្រោងទីក្រុងរណបផ្សេងៗទៀត”៕