ខេត្តកំពង់ស្ពឺ៖ វេជ្ជបណ្ឌិត ហុក គ្រី អតីតប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ជំនួសឯកឧត្តមវេជ្ជបណ្ឌិត អោ វណ្ណថេន ដែលត្រូវដល់អាយុចូលនិវត្តន៍ និងត្រូវតែងតាំងជាទីប្រឹក្សាក្រសួងសុខាភិបាល។

ពិធីប្រកាសតែងតាំងប្រធានមន្ទីរសុខាភិបាលថ្មីនេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត  និងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងការអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការមួយចំនួនផងដែរ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១។

ឯកឧត្តមអភិបាលខេត្ត បានជំរុញឱ្យប្រធានមន្ទីរសុខាភិបាលថ្មី ពន្លឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋឱ្យបានទាន់ផែនការកំណត់ ខណៈប្រជាពលរដ្ឋនៅក្នុងក្របខណ្ឌខេត្តនៅសល់តែជាង ២០ភាគរយទៀតប៉ុណ្ណោះ ដែលមិនទាន់បានទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ថា ក្នុងខេត្តកំពង់ស្ពឺ សរុបប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងចាប់ពីអាយុ ១២ឆ្នាំឡើង មានចំនួន ៥០៥,៦០០នាក់ ស្មើនឹង៧២.៨៧% នៃចំនួនប្រជាពលរដ្ឋ ៦៩៣,៨១៧នាក់ នៅសល់១៨៨,២១៧នាក់៕