រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា ។នេះបើតាមលោកមេធាវី គី តិច​ ប្រាប់អ្នកសារព័ត៌មាន។

លោកមេធាវី គី តិច ដែលជាប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបញ្ជាឱ្យក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចចេញការពារក្តី និងស្វែងរកយុត្តិធម៌ដល់ទីបញ្ចប់ជូន កញ្ញា មាន ពេជ្ររីតា  ដែលជាពិធីការិនីទូរទស្សន៍ MY TV និងជាអតីតតារាបង្ហាញម៉ូត Miss Grand Cambodia។

កញ្ញា មាន ពេជ្ររីតា ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ កាលពីថ្ងៃទី ១៣ ឧសភាកន្លងទៅ បន្ទាប់ពីបានត្រូវជាប់ចោទក្រោមបណ្ដឹងរបស់លោក ឧកញ៉ា ហេង សៀ។ កញ្ញា មាន ពេជ្ររីតា បានបដិសេធថា មិនដែលមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយ ឧកញ៉ា ហេង សៀ នោះទេ ព្រមទាំងច្រានចោលនូវរូបភាពអាសអាភាសដែលប្រឌិតដោយឧក្រិដ្ឋជន។

សូមជម្រាបដែរថា ក្នុងរយៈពេលនៃជម្លោះនេះ មានការបញ្ចេញនូវ កំណត់ហេតុបណ្ដឹង ពីឧកញ៉ា ហេង សៀ ដែលគេដឹងថាជាឈ្មួញរកស៊ីដ៏ធំមួយរូប ដោយអះអាងថា ខ្លួនលួចមានទំនាក់ទំនងស្នេហាស៊ីជម្រៅជាមួយនឹង កញ្ញា មាន ពេជ្ររីតា។

ករណីប្តឹងទៅវិញទៅមករវាងឧកញ៉ា ហេង សៀ ជាមួយនឹង សិល្បការិនីវ័យ ២០ឆ្នាំ និងជានិស្សិតឆ្នាំទី២ នៃសាកលវិទ្យាល័យលំដាប់កំពូលមួយ បានធ្វើឡើងបន្ទាប់ពីមានហេតុការណ៍មួយ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្បែរផ្សារគីឡូលេខ៤ ជិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប៕