បន្ទាប់ពីសង្គ្រាមលោកលើកទី២ ជញ្ជាំងទីក្រុងប៊ែកឡាំង បានបែងចែកប្រទេសអាឡឺម៉ង់ជាពីរ គឺអាឡឺម៉ង់ខាងកើត និងខាងលិចដែលមាននិន្នាការដឹកនាំខុសគ្នា មួយផ្នែកសេរី និងមួយទៀតកុម្មុយនីស្ដ។

ប្រវត្តិសាស្រ្ដ៖ នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតីអាមេរិក លោក រូណាល់ រីហ្គែន ( Ronald Reagan) នៅឯច្រកទ្វារ ប្រែនឌិនប៊ើហ្គ (Brandenburg) ដែលសំដៅនិងដៀមដាមដល់មេដឹកនាំសូវៀត លោក ហ្គូបាឆិវ (MikhailGorbachev) ត្រូវបានគេវិភាគថា សុន្ទរកថារបស់លោកមានឥទ្ធិពលខ្លាំង ឈានដល់ការបញ្ចប់ការបែងចែកនិងបានបង្រួបបង្រួមទីក្រុងប៊ែរឡាំងមកវិញ។

សុន្ទរកថានេះត្រូវបានថ្លែងក្នុងអំឡុងសង្រ្គាមត្រជាក់ហើយសូម្បីតែទីប្រឹក្សាផ្ទាល់របស់លោកប្រធានាធិបតី ក៏បាននិយាយពាក្យថា “លើសពីបន្ទាត់ក្រហម” តែលោកប្រធាធិបតី រីហ្គែននៅតែថ្លែងសុន្ទរកថា។

លោក រីហ្គែន និយាយយ៉ាងមាំថា“លោកអគ្គលេខាធិការ ហ្គូបាឆិវ( Gorbachev) ប្រសិនបើលោកស្វែងរកសន្តិភាពប្រសិនបើលោកស្វែងរកភាពរុងរឿងសម្រាប់សហភាពសូវៀតនិងអឺរ៉ុបខាងកើត ប្រសិនបើលោកស្វែងរកសេរីភាវូបនីយកម្មសូមមកកាន់ច្រកទ្វារនេះ។ លោក ហ្គូបាឆិវ បើកច្រកទ្វារនេះ។ លោក ហ្គូបាឆិវកម្ទេចទ្វានេះចោល” ។

គ្មានអ្វីជាការសង្ស័យទេថាសេចក្តីប្រកាសដ៏ក្លាហានរបស់គាត់ បានទាក់ទាញនិងដក់ជាប់ដល់ជម្រៅបេះដូងប្រជាជនអាឡឺម៉ង់ ហើយបានក្លាយជាស្ពាននៃការបង្រួបង្រួម។

នៅឆ្នាំបន្ទាប់មេដឹកនាំសហភាពសូវៀត លោក ហ្គូបាឆិវ បានថ្លែងសុន្ទរកពី"សេរីភាពនៃការជ្រើសរើស" ដែលជាសន្ទរកថាដ៏ល្បីល្បាញរបស់គាត់ផងដែរ ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិដែលឈានដល់ការចាប់ផ្តើមនៃការរលាយសង្គ្រាមត្រជាក់។

នៅថ្ងៃទី ៩ខែវិច្ឆិកាឆ្នាំ ១៩៨៩ ប្រធានគណបក្សកុម្មុយនីស្តអាឡឺម៉ង់ខាងកើត បានប្រកាសថា ពលរដ្ឋរបស់ខ្លួនមានសេរីភាពឆ្លងកាត់ព្រំដែនបានហើយនេះជាថ្ងៃដែលកំណត់ថា ជញ្ជាំងក្រុង ត្រូវបានរលំ នៅ ពីរឆ្នាំក្រោយពី លោក រីហ្គែន បានថ្លែងសុន្ទរកថា។

ក្នុងថ្ងៃ ៩ខែវិច្ឆិកាឆ្នាំ ១៩៨៩ ផងដែរ ហ្វូងមនុស្សជាច្រើនសែននាក់ បានចេញមកអបអរ ដោយសម្ភារៈនិងញញួរ ដើម្បីវាយបំផ្លាញជញ្ជាំងក្រុង ដែលបានបែងចែកអាឡឺម៉ង់ជាពីរ ឲ្យរលំ៕

រូបភាពពី Parade

រូបភាពពី Parade