សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ មុនពេលសម្រេចឈានជើងចូលមកប្រឡូកនៅក្នុងវិស័យអចលនទ្រព្យក្នុងនាមជាភ្នាក់ងារផ្តល់សេវា និងប្រឹក្សាដល់ការទិញ-លក់ គឺសុទ្ធតែធ្វើឡើងនៅក្នុងគោលបំណងស្វែងរកនូវផលចំណេញដែលទទួលបានពីកម្រៃជើងសារទាំងអស់ ប៉ុន្តែដែលជាចំណោទនៃបញ្ហានោះសួរថា តើភាពជោគជ័យនៃអាជីពមួយនេះត្រូវបានធ្វើឡើងតាមវិធីណា? 

អគ្គនាយកក្រុមហ៊ុន  PREMUIM Group ដែលកមពុងមានឈ្មោះបោះសំឡេងនៅក្នុងវិស័យអចលនទ្រព្យកម្ពុជាបានមានប្រសាសន៍ថា ការបង្កើតជាក្រុមការងារ ឬជាក្រុមហ៊ុនផ្តល់សេវាជាភ្នាក់ងារអចលនទ្រព្យវាមិនពិបាកនោះទេ ប៉ុន្តែអ្វីដែលពិបាកធ្វើនោះគឺការទទួលបានភាពជោគជ័យ និងទំនុកចិត្តពីអតិថិជននៅលើទីផ្សារដែលមានដៃគូប្រកួតប្រជែងច្រើន។ 

លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ថា “ ភ្នាក់ងារដែលអាចទទួលបានភាពជោគជ័យខ្ពស់លុះត្រាតែអាចទទួលបាននូវទំនុកចិត្តពីអតិថិជនរបស់ខ្លួន ដែលភាពទំនុកចិត្តមួយនេះគឺជាចំណុច១ ក្នុងចំណោម៣ ដែលត្រូវតែមានជាចាំបាច់នៅក្នុងនាមជាភ្នាក់ងារ។ ទម្រាំទទួលអាចទទួលបានទំនុកចិត្តពីអតិថិជន អ្នកត្រូវតែមានបំពេញនូវចំណុចចំនួន២ផ្សេងទៀត នោះគឺ ទី១ភាពស្មោះត្រង់ និងទី២ សុចរិតភាព”។ 

អ្នកជំនាញរូបនេះបានមានប្រសាសន៍បន្តទៀតថា “ចំណុចទាំង៣នេះ គឺជាគ្រឹះដ៏រឹងមាំក្នុងការធ្វើឱ្យអាជីពជាភ្នាក់ងាររបស់អ្នកក៏ដូចជាក្រុមការងារ និងក្រុមហ៊ុនរបស់អ្នកអាចឈរជើងបានយូរអង្វែង និងមានភាពរីកចម្រើនជាលំដាប់ បើទោះជាមានដៃគូប្រកួតប្រជែងច្រើននៅលើទីផ្សាររួមយ៉ាងណាក៏ដោយ”។ 

លោក ម៉ាន់ ច័ន្ទឌី បញ្ជាក់ប្រាប់ថា ភ្នាក់ងារដែលអនុវត្តនៅក្នុងទីផ្សាររួមកាលពីពេលកន្លងទៅ ដ៏ដូចជាបច្ចុប្បន្ន ភាគច្រើនគឺសំឡឹងឃើញពីផលប្រយោជន៍ជាធំ រហូតអ្នកខ្លះបានអនុវត្តខុសពីក្រមសីលធម៌ បាត់បង់ភាពស្មោះត្រង់ បាត់បង់សុចរិតភាព ដែលទង្វើរទាំងអស់នេះគឺជាមូលហេតុធំធ្វើឱ្យភាពបរាជ័យសំដៅមកកាន់ខ្លួនឯង រហូតអ្នកក្រៅពីបិតក្រុមហ៊ុន បាត់បង់ក្រុមការងារ ហើយថែមទាំងប្រឈមជាមួយច្បាប់ជាធរមានក៏មានដែរ។ ដូច្នេះ ការប្រកាន់ខ្ជាប់នូវគោលគ្រឹះទាំង៣ រួមមាន ការកសាងជំនឿទុកចិត្ត ការប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងទង្វើសុចរិតភាព គឺជាវិធីសាស្ត្រមួយដែលជួយទ្រទ្រង់ និងជំរុញឱ្យអាជីពជាភ្នាក់ងាររបស់ទទួលបានភាពជោគជ័យខ្ពស់បំផុត៕