តម្លៃប្រេងបានធ្លាក់ចុះ 3% នៅក្នុងទីផ្សារប្រេងពិភពលោក ខណៈពេលដែល ប្រធានាធិបតីអាមេរិច ដូណាល់ត្រាំ បានបង្ហោះសារថា “តម្លៃប្រេងខ្ពស់ពេកហើយ”។

លោក ដូណាល់ត្រាំ បានសរសេរសារ លើបណ្ដាញ Twitterថា "តម្លៃប្រេងឡើងខ្ពស់ពេកហើយ។ ពិភពលោក មិនអាចទទួលយកបានទេនូវការឡើងថ្លៃប្រេង"។

សារមួយមាត់នេះ បានក្រឡុកទីផ្សារប្រេងឲ្យធ្លាក់ថ្លៃ។តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ 3,5 ភាគរយ កាលពីយប់ថ្ងៃចន្ទមកត្រឹម 64,32 ដុល្លារក្នុងមួយបារ៉ែល ឯតម្លៃប្រេងប្រភេទ WTI Future ក៏បានធ្លាក់ចុះ 3.1% កាលពីថ្ងៃចន្ទ មកដល់ 55.19 ដុល្លារក្នុងមួយបារ៉ែល។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន ដោយសារ ការព្រួយបារម្ភចំពោះការផ្គត់ផ្គង់និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក លើការនាំចេញប្រេង របស់អ៊ីរ៉ង់ និងការកាត់បន្ថយផលិតកម្មដោយអង្គការ OPEC និងរុស្ស៊ី បានធ្វើឲ្យតម្លៃប្រេងWTI ឡើងដល់ជិត 77 ដុល្លារក្នុងមួយបារ៉ែល និងតម្លៃប្រេង Brentឡើងលើសពី 86 ដុល្លារ៕