សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

រាជធានីភ្នំពេញ៖ បើតាមការបង្ហោះក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ បានបង្ហោះថា លទ្ធផលសំណាកដើម្បីធ្វើតេស្ដជាលើកទី៣ របស់សម្ដេចតេជោ និងភរិយា គឺអវិជ្ជមានកូវីដ១៩។

ដោយខ្លឹមសារទាំងស្រុងបានបង្ហោះថា៖ នៅព្រឹកថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រុមគ្រូពេទ្យបានយកសំណាកទៅធ្វើតេស្តជាលើកទី៣។ ជាលទ្ធផលទាំងខ្ញុំនិងភរិយាក៏ដូចជាបងប្អូននៅជុំវិញគឺអវិជ្ជមានកូវីដ-១៩ទាំងអស់។ ខ្ញុំកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត បងប្អូនផ្សេងទៀតដែលពាក់ព័ន្ធជាមួយព្រឹត្តិការណ៍៣វិច្ឆិកាហើយសង្ឃឹមថាលទ្ធផលនឹងអវិជ្ជមានទាំងអស់គ្នា។ 

ទោះយ៉ាងណាក៏ដោយ សម្ដេចតេជោ នឹងបន្តធ្វើចត្តាឡីស័ករហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដែលនឹងត្រូវធ្វើតេស្តលើកទី៤ និងជាលើកចុងក្រោយ។ ព្រមទាំងបងប្អូនប្រមាណជាង១០០០នាក់ដែលធ្វើចត្តាឡីស័កក្នុងពេលជាមួយគ្នាពីថ្ងៃទី៤ វិច្ឆិកា២០២០ ដែលនឹងធ្វើឱយការព្រួយបារម្ភអំពីកូវីដ-១៩ ត្រូវបានកាត់បន្ថយនៅក្នុងរាជធានីភ្នំពេញនិងខេត្តកណ្តាល ដែលនឹងអាចឈានទៅបើកសាលារៀនឡើងវិញសម្រាប់ការសិក្សារបស់កូនចៅយើង៕