រាជធានីភ្នំពេញ៖ ក្នុងសម័យប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តីនាថ្ងៃ១៤សីហា ឆ្នាំ​២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានសម្រេចអនុម័តគោលនយោបាយជាតិស្ដីពីដំឡូងមី ដើម្បីជម្រុញការផ្គង់ផ្គង់ ទីផ្សារក្នុងតំបន់និងពិភពលោក។

គោលនយោបាយជាតិស្ដីពីដំឡូងមី ២០២០-២០២៥ មានគោលបំណងធ្វើឲ្យប្រទេសកម្ពុជា ក្លាយជាទីតាំងផលិត កែច្នៃនិងជាអ្នកផ្គត់ផ្គង់ផលិតផលដំឡូងមី ប្រកបដោយនិរន្តភាព សម្រាប់ទីផ្សារក្នុងតំបន់និងពិភពលោក។

ក្នុងស្ថានភាពបច្ចុប្បន្នទៅ អនាគតដំណាំដំឡូងមីដែលជាដំណាំធំទីពីរ បន្ទាប់ពីស្រូវត្រូវមានការគាំទ្រពិសេសដើម្បីទាញយកផលប្រយោជន៍ឲ្យបានជាអតិបរមានិងការអភិវឌ្ឍដំណាំនេះ ឲ្យក្លាយជាកម្លាំងចលករខ្លាំងការក្នុងការធ្វើបដិវត្តឧស្សាហកម្មនៅកម្ពុជា ដែលទិសដៅនេះបានកំណត់យ៉ាងជាក់ច្បាស់ក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា ឆ្នាំ ២០១៥-២០២៥។

សូមជម្រាបជូនដែរថា ដំឡូងមី ត្រូវបានស្គាល់ថាជាដំណាំកសិ-ឧស្សាហកម្ម និងជាផលិតផលនាំចេញដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ​ដែលបានរួមចំណែកពី៣%ទៅ ៤%ភាគរយ នៃផលិតផលសរុបក្នុងស្រុក(ផ.ស.ស.)៕