រាជធានីភ្នំពេញ៖ នាល្ងៀចទី០៣ ឧសភានេះ សម្ដេចតេជោនាយករដ្ឋមន្រ្តី បានចេញសេចក្ដីសម្រេចក្នុងការបិទបញ្ចប់ការបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្ដាល ដែលសេចក្ដីសម្រេចនេះចាប់ពីថ្ងៃទី ៦ ឧសភាឆ្នាំ​២០២១តទៅ។

ក្នុងសេចក្ដីសម្រេចដដែល បានផ្ដល់ការដែនសមត្ថកិច្ច និងការដាក់វិធានការនានា ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ ដល់រដ្ឋបាលរាជធានីភ្នំពេញវិញ។ ចំណែកក្រុងតាខ្មៅនៃខេត្តកណ្ដាល ដល់រដ្ឋបាលនៃខេត្តកណ្ដាល ជាអ្នកសម្រេចចិត្ត និងដាក់វិធានការ ដោយផ្អែកតាមស្ថានភាពវិវត្តិន៍នៃការរីករាលដាលជំងឺកូវីដ១៩ ក្នុងភូមិសាស្រ្ដនៃរាជធានីខេត្តវិញ។

សូមជម្រាបជូនដែរថា រាជរដ្ឋាភិបាល បានសម្រេចបិទខ្ទប់ រាជធានីភ្នំពេញនិងក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៥មេសា និងបានបន្តការបិទខ្ទប់នេះរហូតដល់ថ្ងៃ ៥ឧសភា ដើម្បីទប់ស្កាត់ស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៃព្រឹត្តិការឆ្លងសហគមន៍ ២០ កុម្ភៈ និងដោយឡែក តាមបណ្ដាខេត្តនីមួយៗបានចេញសេចក្ដីសម្រេចនិងវិធានការរដ្ឋបាលរៀងខ្លួន ក្នុងការទប់ការធ្វើដំណើរ ការជួបជុំ ដើម្បីផ្តាច់ការចម្លងនៃជំងឺនេះ៕