សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយកញ្ចប់ថវិកាសរុបជាង ១២០០០លានដុល្លារ សម្រាប់ការវិនិយោគសាធារណៈក្នុងរយៈពេល៣ឆ្នាំខាងមុខនេះ ពោលគឺចាប់ពីឆ្នាំ២០២១-២០២៣ ទៅលើ ៦២៩គម្រោង ដែលក្នុងនោះថវិកាប្រមាណជាង ៥០ភាគរយ នឹងត្រូវប្រើប្រាស់នៅក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស។ 

តាមរយៈសេចក្ដីព្រាងកម្មវិធីស្ដីពី ការវិនិយោគសាធារណៈ៣ឆ្នាំរំកិល របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងឆ្នាំ ២០២១-២០២៣ ខាងមុខនេះ នឹងបានបែងចែកតាមការកំណត់ផ្សេងៗគ្នាដាច់ដោយឡែក ដោយក្នុងនោះមានចំនួន ២០៣គម្រោង កំពុងដំណើរការជាមួយនឹងការប្រើទុនប្រមាណ ៨៣៩៧លានដុល្លារ។  ដោយឡែកសម្រាប់គម្រោងចំនួន ៤២៦ ផ្សេងទៀត គឺជាគម្រោងសម្រាប់អនុវត្តផែនការនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ដែលត្រូវការប្រថវិកាសរុបប្រមាណ ៤៣៩៩លានដុល្លារ ក្នុងការអនុវត្តដើម្បីទទួលបានប្រសិទ្ធភាព។ 

នៅក្នុងចំណែកនៃកញ្ចប់ថវិកា ដែលគ្រោងនឹងចំណាយលើការវិនិយោគសាធារណៈក្នុងរយៈពេល៣ឆ្នាំខាងមុខនេះផងដែរ ដែលមានចំនួនរហូតដល់ ១២០០០លានដុល្លារខាងលើនេះ ក្រៅពីតម្រូវការប្រមាណ៥១ភាគរយ សម្រាប់អនុវត្តនៅក្នុងវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងប្រទេស ហើយចំនួន ៣៤,២ភាគរយផ្សេងត្រូវប្រើនៅក្នុងគម្រោងរក្សាកំណើន និងបង្កើនសេដ្ឋកិច្ចជាតិ។ 

ដោយឡែកនៅសល់ចំនន ១៥,៧ភាគរយទៀត នឹងត្រូវយកទៅអនុវត្តនៅក្នុងគម្រោងវិស័យសេវា និងកម្មវិធីអន្តរវិស័យចំនួន ៦,៨ភាគរយ ហើយចំនួន ៨,៩ភាគរយទៀតនឹងត្រូវយកទៅអនុវត្តនៅកម្រោងនៃវិស័យសង្គមកិច្ច៕