ឥទ្ធិពលសម្ពាធទាប និងព្យុះ បានធ្វើឱ្យខេត្តជាច្រើនរបស់កម្ពុជារងការជន់លិច ក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ។ ខេត្តបាត់ដំបង និងពោធិ៍សាត់ រងការជន់លិចធ្ងន់ធ្ងរជាងគេ។

 គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ខេត្តចំនួន១៧ បានរងការជន់លិចដោយសារជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។ នេះបើតាមការចុះផ្សាយរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កាលពីព្រឹកថ្ងៃ ១៣ តុលា ឆ្នាំ ២០២០។ 

ទឹកជំនន់ធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៣ម៉ឺនគ្រួសារ ប្រជាពលរដ្ឋជាង ២ពាន់គ្រួសារ ត្រូវបានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព ផ្ទះប្រជាពលរដ្ឋជាង ៣ម៉ឹនខ្នងរងការជន់លិច និងខូចខាត ៣០ខ្នង។

ទឹកជំនន់នេះ ធ្វើឱ្យលិចផលដំណាំប្រជាពលរដ្ឋជាង ១២ម៉ឺនហិកតា។ ក្នុងនោះស្រូវជិត ៨ម៉ឺនហិកតា និងដំណាំផ្សេងៗជាង ៤ម៉ឺនហិកតា។

ក្រៅពីផលដំណាំទឹកជំនន់នេះ បានបំផ្លាញផ្លូវ និងស្ពានជាច្រើនផងដែរ។

រឿងដែលសោកស្តាយខ្លាំងនោះ ទឹកជំនន់នេះ បានបង្កឱ្យប្រជាពលរដ្ឋ ១០នាក់ស្លាប់បាត់បង់ជីវិត និងពីរនាក់បានរងរបួស។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្តរាយ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បានបន្តបេសកកម្មចុះទៅតាមបណ្តាខេត្តភាគពាយព្យ ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋផងដែរ៕