រាជធានីភ្នំពេញ៖ នាពេលថ្មីៗនេះ មានការ Share រូបភាពរថយន្តស៊េរីទំនើប Rolls-Royce និង Mercedes ពាក់ផ្លាកលេខ «នគរបាល2-7715» បង្កឲ្យមានការរិះគន់ពីមហាជន លើបណ្តាញសង្គម Facebookជាខ្លាំង។

ផ្លាកលេខ «នគរបាល2-7715» ដែលបំពាក់លើឡាន Rolls-Royce និង Mercedes គឺជាផ្លាកលេខក្លែងក្លាយ។ នេះបើតាមការបញ្ជាក់របស់លោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ទទួលផែនចរាចរណ៍ បាននិយាយប្រាប់សារព័ត៌មានមួយនាថ្ងៃនេះ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវលើករណីនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់។ ប្រភពព័ត៌មានពីសមត្ថកិច្ចបានបង្ហើបថា ផ្លាកលេខ «នគរបាល 2-7715» ជាកម្មសិទ្ធិរបស់រថយន្ដម៉ាក Ford Ranger ពណ៌សស៊េរីឆ្នាំ២០១៧ នៅអង្គភាពនាយកដ្ឋាន នគរបាលទេសចរណ៍៕