រាជធានីភ្នំពេញ៖ រថយន្តចំនួន ១៤៣គ្រឿង ត្រូវបានឃាត់រក្សាទុករយៈពេលមួយឆ្នាំ ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងតាមសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ ចំនួននេះ ត្រូវបានគិតចាប់ចាប់ពីទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់ថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១ ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់ លើសពី២០% នៃទម្ងន់អនុញ្ញាត។

រថយន្តដឹកលើសទម្ងន់ទាំងនោះ ត្រូវបានឃាត់ទុកដោយក្រុមការងារក្រសួងចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តលើសទម្ងន់ ដែលចុះតាមបណ្តាខេត្តនានា និងគោលដៅដើមទីនៅខេត្តបាត់ដំបង និងស្ថានីយជញ្ជីងអចល័តទូទាំងព្រះរាជាណាចក្រកម្ពុជា។

គួរបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ក្នុងពេលចុះពិនិត្យវឌ្ឍនភាពផ្លូវជាតិលេខ៣ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នោះថា ក្រសួងនឹងចាត់វិធានការណ៍តាមនីតិវិធីដោយគ្មានយោគយល់ខ្សែនរណាឡើយ ហើយសកម្មភាពនៃការចុះប្រតិបត្តិការនេះនឹងធ្វើជាបន្តបន្ទាប់ទូទាំងប្រទេសដូចភ្លៀងរលឹម ដើម្បីរឹតបន្តឹងការដឹកជញ្ជូនឲ្យស្របតាមច្បាប់ ការពារមិនឲ្យមានជនខិលខូចដឹកលើសទម្ងន់ឡើយ។ 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានទទូចថា៖ សូមកុំប្រថុយ ប្រថានដឹកជញ្ជូនលើសទម្ងន់ ដែលបង្កឱ្យផ្លូវឆាប់ខូចមុនអាយុកាលកំណត់ បង្កគ្រោះថ្នាក់ចរាចរណ៍ និងកុំបើកលើសល្បឿនកំណត់ដោយច្បាប់ ដើម្បីចូលរួមចំណែកក្នុងការកសាងប្រទេសជាតិមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសាធារណៈការនិងដឹកជញ្ជូន បានបន្តរំលឹកជូនដល់ម្ចាស់រោងចក្រស៊ីម៉ងដូចជា រោចចក្រស៊ីម៉ង់ CONCH ការដ្ឋានផលិតថ្ម ដេប៉ូខ្សាច់ ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕