ក្រុងវៀងចន្ទន៍៖ រដ្ឋាភិបាលឡាវ បានប្រកាសថា ច្រកព្រំដែនអន្តរជាតិទាំងអស់នឹងបើកឡើងវិញ ដើម្បីឲ្យប្រជាជនឡាវ និងជនបរទេស អាចចូលនិងចេញពីប្រទេសឡាវបានដោយសេរី។
ការិយាល័យនាយករដ្ឋមន្រ្តីឡាវនៅថ្ងៃសៅរ៍ (៧ ឧសភា) បានចេញសេចក្តីជូនដំណឹង ដោយប្រកាសថាព្រំដែននឹងបើកឡើងវិញ។ លោកស្រី ទិពផាកន (Thipphakone Chanthavongsa) បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ថា ការបើកប្រទេសឡាវឡើងវិញ និងការដកការរឹតបន្តឹងក្រោមសេចក្តីជូនដំណឹងលេខ ៦២៧ នឹងចូលជាធរមាននៅថ្ងៃទី៩ ខែឧសភា។
ប្រជាពលរដ្ឋនៃប្រទេសដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការទ្វេភាគី ឬឯកតោភាគីជាមួយឡាវ អាចចូលបានដោយមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការ។
ប្រជាពលរដ្ឋនៃប្រទេស ដែលមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការជាមួយប្រទេសឡាវ អាចដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូត ឬស្ថានកុងស៊ុលឡាវនៅបរទេស។ អ្នកទេសចរណ៍ ក៏អាចដាក់ពាក្យសុំទិដ្ឋាការតាមអ៊ីនធឺណិត ឬពេលមកដល់នៅច្រកព្រំដែនដែលមានសេវាកម្មបែបនេះ។
ប្រជាពលរដ្ឋឡាវ និងជនបរទេស អាយុចាប់ពី 12 ឆ្នាំឡើងទៅ ដែលមិនទាន់បានចាក់វ៉ាក់សាំងពេញលេញ តម្រូវឱ្យធ្វើតេស្ត Covid-19 ATK ក្នុងរយៈពេល 48 ម៉ោងបន្ទាប់ពីការចាកចេញ ទៅកាន់ប្រទេសឡាវ។ ទោះជាយ៉ាងណាក៏ដោយ អ្នកដំណើរទាំងនេះ នឹងលែងតម្រូវឱ្យធ្វើតេស្ត Covid នៅពេលមកដល់។
អ្នកដែលមានវិញ្ញាបនបត្របញ្ជាក់ពីការចាក់វ៉ាក់សាំង Covid ពេញលេញ អាចចូលប្រទេសឡាវដោយមិនចាំបាច់ធ្វើតេស្ត Covid ឬនៅពេលមកដល់ប្រទេសឡាវឡើយ៕