អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅតែមាន​កាតព្វកិច្ច​ប្រកាស​ពន្ធអាករ តែទទួលបានការលើកលែងពន្ធ រយៈពេល៤ខែ ពីខែកុម្ភៈ ។

ភ្នំពេញ៖ ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ​ស្ដីពី​បច្ចុប្បន្នភាព​ថ្មីៗ ​ពាក់ព័ន្ធ​នឹង​កម្ពុជា​នៅ​ថ្ងៃទី​២៤ កុម្ភៈឆ្នាំ​២០២០ នេះ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា៖ «​លើកលែង​ការបង់ពន្ធ​គ្រប់​ប្រភេទ ​របស់​សណ្ឋាគារនិង​ផ្ទះសំណាក់ ដែល​បាន​ចុះបញ្ជី​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារនិង​មាន​សកម្មភាព​អាជីវកម្ម​ក្នុង​ខេត្តសៀមរាប​រយៈពេល​៤​ខែ ដោយ​ចាប់ពី​ខែកុម្ភៈដល​ខែឧសភា ឆ្នាំ​២០២០»​។ ការលើកលែង​ពន្ធ​នេះមានន័យ​ថា រដ្ឋ​ជាអ្នកទទួល​បង់ពន្ធ​ជំនួស​។

ខណៈដែលស្ថានភាពភ្ញៀវទេសចរណ៍ មានទិន្នាការធ្លាក់ចុះ និងការផ្ទុះឡើងនៃជំងឺ Covid19 នៅក្រោប្រទេស ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាច្រើនដើម្បីជួយជម្រុញវិស័យនេះឡើងវិញ។ 

ទោះជាមានការលើកលែងពន្ធនេះក៏ដោយ​ អាជីវកម្ម​សណ្ឋាគារ និង​ផ្ទះសំណាក់ នៅតែមាន​កាតព្វកិច្ច​ប្រកាស​ពន្ធអាករ(តែទទួលបានការលើកលែងពន្ធ)និង​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​គ្រប់គ្រង​អាជីវករ លើ​តម្លៃបន្ថែម​ជា​រៀងរាល់ខែក្នុង​រយៈពេល​លើកលែង​ពន្ធ​នេះ​។ 

សូមជម្រាបថាតាមការលើកឡើងរបស់សម្ដេច ហ៊ុន សែន បានបង្ហាញថា ភ្ញៀវទេសចរ​បរទេស​ធ្លាក់ចុះ​ជាង​៦០​ភាគរយជាពិសេស​ជនជាតិ​ចិន​បាន​ធ្លាក់ចុះ​ជាង​៩០​ភាគរយក្នុងនោះ​ខេត្តសៀមរាប​រង​ផលប៉ះពាល់​ខ្លាំងជាងគេ​៕