មន្រ្តីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា៤រូប ទទួលបានការតែងតាំងជារដ្ឋមន្រ្តី និងអតីតរដ្ឋមន្រ្តី៤រូប ត្រូវបានតែងតាំងជា ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស។

បន្ទាប់ពីរាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានដាក់លិខិតស្នើសុំការផ្ដល់សេចក្ដីទុកចិត្ត ពីរដ្ឋសភា កាលពីថ្ងៃទីមីនា ឆ្នាំ ២០២០កន្លងទៅ ក្នុងថ្ងៃនេះផងដែរ(៣០​មីនា) រដ្ឋសភាក៏បានបោះឆ្នោតជាកញ្ចប់ ដើម្បីគាំទ្រ ការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាលបន្ថែមថ្មី និងត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ក្នុងថ្ងៃតែមួយផងដែរ។

រដ្ឋមន្រ្តីថ្មី៤រូប មាន៖

  • ឯកឧត្តម កើត រិទ្ធ អតីតជារដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ តែងតាំងជា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌
  • ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អតីតជាសមាជិករដ្ឋសភា តែងតាំងជា រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • ឯកឧត្តម ឈិត សុខុន អតីតជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្រ្តី  តែងតាំងជា រដ្ឋមន្រ្តីក្រសួង ធម្មការនិងសាសនា
  • ឯកឧត្តមព្រុំ សុខា អតីតជារដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តែងតាំងជា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ។

ដោយឡែក ឯកឧត្តម ចម ប្រសិទ្ធិ ត្រូវតែងតាំងជា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានដូរឈ្មោះពី ក្រសួងឧស្សាហកម្មនិងសិប្បកម្ម)។

ការរុះរើបន្ថែមសមាសភាពគណៈរដ្ឋមន្រ្តីនេះ ក៏ត្រូវបានសម្ដេចហ៊ុនសែន លើកហេតុផលដែរថា ដោយរដ្ឋមន្រ្តីខ្លះមានវ័យចាស់ និងខ្លះក៏មានបញ្ហាសុខភាព។

គួរបញ្ជាក់ដែរថា នេះជាការរុះរើគណៈរដ្ឋមន្រ្តីលើកទី១ បន្ទាប់ពីការបោះឆ្នោតជាសកលកាលពីឆ្នាំ ២០១៨ កន្លងទៅ៕