ក្នុងដំណើរទស្សនកិច្ចរបស់លោក ម៉ូតេហ្គី តូស៊ីមីត្សឹ មកកាន់ប្រទេសកម្ពុជា ជាលើកដំបូងក្នុងនាមជារដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុន ដោយខ្លួនលោកផ្ទាល់ក៏ធ្លាប់បានមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជាប៉ុន្មានលើករួចមកហើយ។

លោក ម៉ូតេហ្គី តូស៊ីមីត្សឹ បានបង្ហាញពីការដិតជាប់នៅក្នុងចិត្តរបស់គាត់ដោយលើកឡើងថា អ្វីដែលដិតជាប់នៅក្នុងចិត្តរបស់ខ្ញុំមិនអាចបំភ្លេចបាននោះគឺសម្រស់ថ្ងៃលិចមើលពីប្រាសាទអង្គរវត្ត។

ថ្លែងក្នុងសារដែលបានបង្ហោះក្នុងទំព័រស្ថានទូតជប៉ុនកាលពីថ្ងៃទី២១ សីហា ២០២០ លោកបានសម្ដែងនូវការកោតសរសើរក្រោយពីបានជួបយុវជនកម្ពុជា១០រូបនៅជប៉ុនកន្លងមកថា ៖ ប្រទេសកម្ពុជា មានធនធានមនុស្សប្រៀបដូចជាកំពូលនៃប្រាសាទអង្គរវត្តនិងប្រាសាទអង្គរធំដែលត្រូវបានទ្រដោយថ្មរឹងមាំដាក់បន្តុបលើគ្នាជាច្រើនដើម្បីឲ្យខ្ពស់។

លោកបន្តថា៖ ដូចគ្នានឹងយុគសម័យអង្គរដែលបានរីកចម្រើនលូតលាស់ដោយការរួមរស់ជាមួយគ្នានិងការលាយបញ្ចូលគ្នារវាងសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនា ប្រទេសកម្ពុជាមានប្រវត្តិនិងប្រពៃណីទទួលយកវប្បធម៌ គំនិតខុសៗគ្នា និងធនធានមនុស្សផ្សេងៗគ្នាផងដែរ។ប្រទេសជប៉ុននឹងបន្តផ្តល់ការគាំទ្រដើម្បីឲ្យប្រទេសកម្ពុជាអាចដើរលើមាគ៌ាសំដៅទៅរកទិសដៅនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យរបស់ខ្លួនដោយបញ្ចូលកម្លាំងយុវជនជាសសរទ្រូង៕