រាជធានីភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន Booyoung Group ពិភាក្សាការងារទាក់ទងនឹងសំណើរបើកសាលារៀន សាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាសាលាគិលានុបដ្ឋាយិកា។

អគ្គនាយកក្រុមហ៊ុន Booyoung Group បានលើកឡើង អំពីការបើកគម្រោងសាងសង់អគារសាលារៀន និងសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ក៏ដូចជាសាលាគិលានុបដ្ឋាយិកា ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា ក៏ដូចជាបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកាក្នុងប្រទេស និងក្រៅប្រទេសផងដែរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី បានមានប្រសាសន៍គាំទ្រដល់គម្រោងបើកសាកលវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបើកសាកលវិទ្យាល័យបណ្តុះបណ្តាលជំនាញគិលានុបដ្ឋាយិកា ដោយយល់ឃើញថា គម្រោងនេះនឹងជួយលើកកម្ពស់ដល់វិស័យអប់រំនៅកម្ពុជា ក្នុងរូបភាពបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្ស ក៏ដូចជាបង្កើតឱកាសការងារបន្ទាប់ពីបញ្ចប់ការសិក្សា ដោយក្រសួងអប់រំ យុវជន និងកីឡានឹងជួយគាំទ្រគម្រោងនេះឲ្យបានជោគជ័យ៕