នៅទីស្តីការក្រសួង នារសៀលថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយថ្នាក់ដឹកនាំក្រសួង ដើម្បីកំណត់របៀបរបបការងារ និងណែនាំការងារអាទិភាពមួយចំនួន។
ថ្លែងក្នុងជំនួបលើកដំបូងនេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតគោរពជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ដែលតែងផ្តល់ការយកចិត្តទុកដាក់ខ្ពស់ក្នុងវិស័យធនធានទឹក និងឧតុនិយម។
ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវអំណរគុណ និងដឹងគុណ យ៉ាងជ្រាលជ្រៅគោរពជូនចំពោះប្រមុខថ្នាក់ដឹកនាំរដ្ឋសភា និងជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តដល់ឯកឧត្តម ដើម្បីបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងតួនាទីនិងភារកិច្ច ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម ឱ្យកាន់តែរីកចម្រើន កាន់តែល្អប្រសើរឡើងថែមទៀត សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចឱ្យបានជោគជ័យនូវការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីហេតុផលនៃការធ្វើកំណែទម្រង់ គឺសំដៅធានាលើការដឹកនាំក្រសួងឱ្យមានដំណើរការប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ បន្ថែមពីនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំឱ្យមានការយកចិត្តទុកដាក់លើការពង្រឹងវិន័យផ្ទៃក្នុងរបស់ក្រសួងអនុវត្តភារកិច្ច ដែលបានបែងចែកប្រកបដោយស្មារតីម្ចាស់ការនិងទទួលខុសត្រូវខ្ពស់ គោរពប្រតិបត្តិតាមរបៀបរបបការងារឱ្យបានហ្មត់ចត់និងម៉ឺងម៉ាត់ ស្របតាមគោលការណ៍ដឹកនាំ ដោយឈរលើមូលដ្ឋានច្បាប់ ឋានានុក្រម និងគោលការណ៍ជាសកល ដើម្បីជួយក្រសួង-ស្ថាប័នឱ្យមានភាពរីកចម្រើន ការងារមានប្រសិទ្ធភាព និងមានសុខដុមនីយកម្ម។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អទាំងក្នុងអង្គភាព និងជាមួយអង្គការអន្តរជាតិនានា ដើម្បីបន្តថែរក្សា ការពារសមិទ្ធផល ដែលមានពីមុនមក និងបង្កើនសមិទ្ធផលថ្មីៗបន្ថែមទៀត ដោយអនុវត្តតាមជានិច្ចនូវពាក្យស្លោករបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង។
ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវការដឹងគុណចំពោះមន្ត្រីរាជការ និងថ្នាក់ដឹកនាំក្រសួងទាំងអស់ ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត ខិតខំបំពេញការងារកន្លងមកដោយមិនខ្លាចនឿយហត់ ដែលមន្ត្រីខ្លះបានចូលនិវត្តន៍ និងមន្ត្រីខ្លះទៀតបានធ្វើមរណកាលទៅហើយ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្តែងនូវសេចក្តីដឹងគុណជាពិសេសចំពោះឯកឧត្តមកិត្តិបណ្ឌិត លឹម គានហោ អតីតរដ្ឋមន្ត្រី និង ជាស្ថាបនិកនៃក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំ គ្រប់គ្រង ពុះពារ និងជម្នះរាល់ការលំបាកកន្លងមក រហូតសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃ៕