ខេត្តកំពត៖ នៅថ្ងៃសៅរ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្ដម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ក្រុមមន្រ្តីបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពអាងទឹកមួយចំនួនក្នុងខេត្តកំពត ដោយនៅព្រឹកនេះបានចុះពិនិត្យនៅទំនប់អាងទឹកត្រពាំងបឹង ស្ថិតនៅក្នុងឃុំសត្វពង ស្រុកឈូក ខេត្តកំពត ។
ប្រព័ន្ធធារាសាស្រ្តអាងទឹកត្រពាំងបឹង ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ជួសជុលស្តារឡើងវិញក្នុងឆ្នាំ២០១៧ និងកែលម្អជាបន្តបន្ទាប់រហូតពេលដល់បច្ចុប្បន្ននេះ មានសមត្ថភាពស្តុកទឹកបានប្រមាណ ៦លានម៉ែត្រគូប បម្រើការងារស្រោចស្រពលើផ្ទៃដីស្រូវវស្សា ស្រូវប្រាំង និងដំណាំរួមផ្សំ ប្រមាណ ២.០០០ហិកតា ព្រមទាំងទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតំបន់នេះ ។
ទីតាំងទំនប់អាងទឹកត្រពាំងបឹង មានលក្ខណ:អំណោយផលផ្នែកភូមិសាស្រ្តបានជួយរក្សាទុកទឹកប្រើប្រាស់ក្នុងស្រុកឈូកដែលជាតំបន់ខ្សត់ប្រភពទឹក ហើយបច្ចុប្បន្នបន្ទាប់ពីអនុវត្តគម្រោងជីកប្រឡាយជើងក្អែកដោយពលកម្ម ចាប់ពីឆ្នាំ២០២០ និងក្នុងឆ្នាំ២០២១នេះ បានធ្វើទំនើបកម្មដែលអនុញ្ញាតឲ្យប្រព័ន្ធធារាសាស្រ្តនេះមានលទ្ធភាពស្រោចស្រពដោយបើកទឹកបង្ហូរចូលស្រែតែម្តង ។
ក្នុងឱកាសចុះត្រួតពិនិត្យនេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានដាក់ផែនការឲ្យលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ធ្វើការសិក្សារលើការលើកជាទំនប់សណ្តរបន្ថែមនៅតាមតំបន់ទំនាប ក្នុងគោលបំណងរក្សាបរិមាណទឹកក្នុងអាងឲ្យបានកាន់តែច្រើនថែមទៀត ដើម្បីបម្រើការងារដាំដុះរបស់ប្រជាកសិករ និងជាពហុប្រយោជន៍ជួយសម្រួលដល់ជីវភាពបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់ ៕