ខេត្តកំពង់ស្ពឺ៖ នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២១ តំណាងឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅសំណេះសំណាលជាមួយ បញ្ជាការដ្ឋានការពារកោះឆ្នេរ និងកងវរសេនាតូច តាមព្រំដែន ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួង។

លោក ជា សុខនី ដែលជាតំណាងរបស់ឯកឧត្តម រដ្ឋមន្ត្រី បានផ្តាំផ្ញើសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋានការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាព ទាំងស្មារតី សម្ភារ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណ ចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ។

ក្នុងឱកាសពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឧបត្ថម្ភថវិកាមួយចំនួនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ និងបណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម សរុបចំនួន ១.៩៥៥នាក់ ផងដែរ ក្នុងនោះរួមមាន៖

១- បញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន ១.៣៩២ នាក់

២- កងវរសេនាតូចលេខ ១ (ថ្មធំ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១១៧ នាក់

៣- កងវរសេនាតូចលេខ ២ (អានសេះ) ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន ១៨៦ នាក់

៤- កងវរសេនាតូចលេខ ០១ និងលេខ ០២ ចំណុះតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ឈរជើងតាមបន្ទាត់ព្រំដែនដែនទិសប្រាសាទតាក្របី ចំនួន ២៦០ នាក់ ។