រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រកាសចូលកាន់តំណែងជាផ្លូវការដល់ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក និងលោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ នៃរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យ អាជ្ញាធរខណ្ឌទាំង១៤ ក៏ត្រូវចាត់ វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះការលួចបើក ក្លិបកម្សាន្តខារ៉ាអូខេ ការជួបជុំផឹកស៊ីនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីទប់ស្កាត់ឱ្យបាននូវការ រីករាលដាលជំងឺកូវីដ-១៩។ ឯកឧត្តម ស្នើឱ្យអាជ្ញាធរខណ្ឌទាំងអស់ ត្រូវខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ឱ្យបាននូវក្លិបកម្សាន្ត និងខារ៉ាអូខេទាំងនេះ។

បន្ថែមពីលើនេះទៀត ឯកឧត្ដមអភិបាលរាជធានីក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌឫស្សីកែវ ពិសេស លោកឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវដែលត្រូវបានផ្ទេរតំណែងនៅព្រឹកនេះ ត្រូវខិតខំបំពេញការងាររបស់ខ្លួនឲ្យបានល្អប្រសើរ ពិសេស ទប់ស្កាត់ឲ្យបាននូវការហូរចូលមកវិញ នូវបែរត្រី នៅតាមដងទន្លេសាប ក្រោយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានរៀបចំឲ្យមាន សណ្ដាប់ធ្នាប់ល្អប្រសើរហើយនោះ។

ជាងនេះទៀត ឯកឧត្ដម ឃួង ស្រេង ក៏បានជំរុញឲ្យអភិបាលនៃគណៈអភិបាលខណ្ឌទាំងពីរ អនុវត្តការងារ សន្តិសុខ សណ្ដាប់ធ្នាប់ ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឲ្យបានល្អប្រសើរ ដើម្បីឈានទៅទទួលនូវភាពជោគជ័យនៃការកាត់ផ្ដាច់ជំងឺកូវីដ-១៩នេះ។ ត្រូវធ្វើទំនាក់ទំនងគ្នាឲ្យបានល្អប្រសើរ រវាងក្រុមប្រឹក្សានិងគណៈអភិបាល ជាមួយនិងការខិតខំធ្វើការ ដោះស្រាយទំនាស់ដីធ្លី និងទប់ស្កាត់អោយបាននូវទំនាស់ដីធ្លីដែលកើតឡើងថ្មីទៀត៕