ភ្នំពេញ៖ ក្រោយពីមានប្រតិកម្មពីមហាជន លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងការឈូសឆាយដីព្រៃតំបន់ភ្នំតាម៉ៅ ដោយក្រុមហ៊ុន​ឯកជនរដ្ឋបាលព្រៃឈើ បានចេញសេចក្តីប្រកាសព័ត៌មាន បកស្រាយពីចម្ងល់ស្ថានភាពព្រៃឈើនៅភ្នំតាម៉ៅ ដោយ បានបញ្ជាក់ថា តំបន់នេះពោរ ពេញទៅដោយដីខ្សាច់ ដាំដុះឈើមិនមានការលូតលាស់ល្អទេ។ ដូច្នេះ រាជរដ្ឋាភិបាលសម្រេចយកតំបន់នេះសម្រាប់ធ្វើការ អភិវឌ្ឍដោយសារជាតំបន់មួយដែលនៅក្បែរទីក្រុង ក្បែរព្រលានយន្តហោះថ្មី និងកៀកតំបន់ទេសចរណ៍ទន្លេបាទី។

សេចក្ដីប្រកាស មានខ្លឹមសាថា៖ ការអភិវឌ្ឍតំបន់នេះ មិនមែនជាការលក់ដូរ ដូចការលើកឡើងនោះទេ តែជាការដោះដូរតំបន់នេះជាថ្នូរនឹងការអភិវឌ្ឍបន្ថែមដល់ ឧទ្យានសួនសត្វ និង មជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដោយកែលម្អឧទ្យានសួនសត្វភ្នំតាម៉ៅអោយមានភាពប្រសើរ ឡើង មានប្រព័ន្ធផ្លូវ អគារ សួនច្បារ អាងស្តុកទឹក ក៏ដូចជាការបង្កើតសារមន្ទីរជាតិនៅរាជធានីភ្នំពេញ ការបង្កើតសួនសត្វ សាហ្វារីនៅខេត្តសៀមរាប ការបង្កើតសួនភូតគាមនៅខេត្តមណ្ឌលគិរី និងការសាងសង់អគារធ្វើការរបស់មន្ត្រីរាជការ និង សម្ភារៈនានា។

ការដោះដូរ គឺអនុវត្តដោយមានភាពតឹងរ៉ឹង មានការវាយតម្លៃពីក្រុមហ៊ុនឯកជន និងមានគណកម្មការ ឯកជនភាវូនីយកម្មដែលមានអន្តរក្រសួង ពិនិត្យនិងវាយតម្លៃអំពីការដោះដូរយ៉ាងត្រឹមត្រូវ។

លិខិតដដែលបានបញ្ជាក់ផងដែរថា តំបន់នេះ ពុំមានសត្វព្រៃសំខាន់ៗ ជិតផុតពូជ និងកម្រ ដូចការលើកឡើងនោះទេ ហើយ តំបន់នេះមានជ្រូកព្រៃដែលតែងតែមករំខានដល់ដំណាំប្រជាពលរដ្ឋ។ សត្វព្រៃដែលលើកឡើងកន្លងមកគឺជាសត្វព្រៃបាន ថែរក្សានៅក្នុងឧទ្យានសួនសត្វភ្នំតាម៉ៅដែលមានសុវត្ថិភាព១០០% ហើយការអភិវឌ្ឍនេះមិនមានការប៉ះពាល់ទាល់តែសោះ៕