រាជធានីភ្នំពេញ៖ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា វីរុស​កូរ៉ូណា​បម្លែង​ថ្មី​ប្រភេទ B.1.617 ត្រូវ​បាន​​រក​ឃើញ​លើ​ស្ត្រី ២​នាក់ និង​បុរស​ ១​នាក់ ដែល​ជា​ពលករ​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ។ ក្រសួង​សុខភិបាល​បញ្ជាក់​បែប​នេះ បន្ទាប់​ពី​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​សំណាក​លើ​មនុស្ស​ទាំង ៣​នាក់​នេះ ចេញ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា។

ក្រសួង​សុខាភិបាល​កម្ពុជា​​ បាន​បង្ហាញ​ក្ដី​បារម្ភ​របស់​ខ្លួន និង​ជំរុញ​ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី បន្ទាប់​ពី​បាន​​រក​ឃើញ​វីរុស​​ប្រភេទ​ថ្មី​នេះនៅ​ថ្ងៃ​នេះ។

ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​បន្ថែម​ថា ស្ត្រី​វ័យ ​២៧​ឆ្នាំ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ខេត្ត​ឧត្ដរមានជ័យ ហើយ​​ស្ត្រី​ម្នាក់​ទៀត​អាយុ ៤៣​ឆ្នាំ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មោងឫស្សី ក្នុង​ខេត្ត​បាត់ដំបង ខណៈ​ដែល​​បុរស​អាយុ ៤៦​ឆ្នាំ​វិញ កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឯ​មន្ទីរ​ពេទ្យ​ឯក​ភ្នំ ក្នុង​ខេត្ត​បាត់ដំបង​ផង​ដែរ។

ពិភព​លោក​កំពុង​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី​នេះ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ចំនួន​៧​ហើយ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍ មាន​ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និង​កម្ពុជា។ ក្រសួងអះ​អាង​ថា បាន​ណែនាំ​ទៅ​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង​អស់ ឱ្យ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​វីរុស​បម្លែង​ថ្មី​នេះ៕​