សូមចុចទីនេះដើម្បីទាញយកកម្មវិធី ក្រមា ប៉ុស្ដិ៍ ដាក់ក្នុងទូរស័ព្ទដៃ

ម៉ូតូ​ប្រភេទ​ធុន​មធ្យម​​ Royal Enfield មាន​ប្រេន​ដើម​មក​ពី​​ចក្រភព​អង់គ្លេស​ ដែល​ប្រភេទ​ម៉ូតូ​នេះក្នុង​សម័យ​សង្គ្រោម​លោក ​ត្រូវ​គេ​ប្រើ​​ប្រាស់​សម្រាប់​ដឹក​ជញ្ជូន​​ភេសជ្ជៈ​កាហ្វេ ​ទៅ​ឱ្យ​​កង​ទ័ព ​ក្រោយ​មក​ក៏​កកើត​ក្លាយ​ជា​ម៉ូតូ​​ម៉ូដែល​​​ពេញ​និយម​សម្រាប់​ជិះ​ផ្លូវ​ឆ្ងាយ ឬ​បែប​​ផ្សង​ព្រេង​​ផ្សេង​ៗ ​ហើយ​នៅ​ពេល​នេះ ​កំពុង​​​​ត្រៀម​​សម្រុក​ខ្លួន​​ខ្លាំង​ទៅ​ក្នុង​ទី​ផ្សារ​នៃ​បណ្តា​ប្រទេស​អាស៊ី។

​ប្រភព​ព័ត៌មាន​BBC​ បាន​ឱ្យ​ដឹង​ថាប្រេន ​Royal Enfield ​​ជា​ប្រេន​ម៉ូតូ​​មួយ​ក្នុង​ចំណោម​ប្រេន​ម៉ូតូ​ដែល​មាន​អាយុ​កាល​​ចំណាស់​ជាង​គេ ហើយ​ត្រូវ​​បន្ត​ផលិត​​ឡើង​វិញ​ដោយ​ក្រុមហ៊ុន​ប្រទេស​ឥណ្ឌា (Eicher Group) បាន​ទទួល​ការ​គាំ​ទ្រ​ខ្លាំង​​ពិសេស​​មាន​​បញ្ជា​ទិញ​​ច្រើន​នៅ​​អង់គ្លេស និង​​ក្នុង​ទីផ្សារ​អន្តរជាតិ​។

មក​ទល់​ពេល​នេះប្រេន​ម៉ូតូ​ខាង​លើ​ ក៏​កំពុង​​សម្លឹង​មើល​​​ការ​​លក់​​នៅ​​ទូ​ទាំង​អាស៊ី ដែល​នា​ពេល​ថ្មី​ៗ​នេះ ក្រុមហ៊ុន​ផលិត​ខាង​លើបាន​បង្ហើប​ពី​គម្រោង​បើក​រោង​ចក្រ​ផលិត​ផ្ទាល់​​នៅ​ប្រទេស​ថៃ​។ ការ​គ្រោង​បើក​រោង​ចក្រ​នៅ​ប្រទេស​ថៃ​នោះគឺ​ជា​ការ​សម្លឹង​មើល​ការ​ផ្គត់​ផ្គង់​​បន្ថែម​ទៅ​ក្នុង​ទី​ផ្សារ ​ដ៏​ធំ​នៃ​​បណ្តា​ប្រទេស​អាស៊ីបន្ទាប់​ពី​​មូលដ្ឋាន​ផលិត​​ផ្ទាល់​ក្នុង​ប្រទេស​ឥណ្ឌា។​

បើ​តាម​​លោក Vinod Dasari នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ Royal Enfield បាន​ប្រាប់​ទៅ​ BBC ថា​​​​​​​អតិថិជន​​ជន​ជាតិ​អាស៊ីគាំ​ទ្រ​ខ្លាំង​ទៅ​លើ​ម៉ូដ​គំរូ​និង​កេរ​ដំណែល​នៃ​ប្រេន​ម៉ូតូ​​​នេះ។

“ពួក​យើង​​ផ្តោត​លើ​ភាព​ប្រសើរ​​​ទៅ​លើ​ម៉ូតូ​នេះជា​ជាង​​តម្លៃ​របស់​វាបន្ថែម​ពី​នោះ យើង​រចនា​និង​ផលិត​វា​ឡើង​ សម្រាប់​ពិភព​លោក​មិន​​គ្រាន់​តែ​ប្រទេស​ឥណ្ឌា​នោះ​ទេ​"។ នេះ​ជា​សម្តី​លើក​ឡើង​របស់​នាយក​ប្រតិបត្តិ​​ នៃ​ក្រុមហ៊ុន​ផលិត​ម៉ូតូ​ខាង​លើ​។

គួរ​បញ្ជាក់​ដែរ​ថារោង​ចក្រ​ផលិត​ម៉ូតូ​ Royal Enfield នៅ​ក្នុង​ប្រទេស​ថៃ ត្រូវ​បាន​រំពឹង​ថានឹង​ដំណើរ​ការ​ក្នុង​រយៈ​ពេល​១​ឆ្នាំ​ខាង​មុខ ហើយ​នឹង​នាំ​ចេញ​ម៉ូតូ​ប្រភេទ​ជិះ​​ផ្សង​ព្រេង​នេះផ្គត់​​ផ្គង់​​ ទៅ​បណ្តា​ប្រទេស​ក្នុង​អាស៊ានរួម​​ទាំង​ប្រទេស​ចិន​ទៀត​ផងដែល​សុទ្ធ​សឹង​ជា​អ្នក​​គាំ​ទ្រ​ទៅ​លើ​​ ម៉ាក​ម៉ូតូ​​​ខាង​លើ​នេះ​៕