
នៅពេលមួយ អ្នកសរសេរពីគោលដៅជីវិតរបស់អ្នកចេញមក វានឹងធ្វើឱ្យអ្នកសប្បាយចិត្តនិងមានអារម្មណ៍ថាមានថាមពលជម្រុញចិត្តកាន់តែខ្លាំង។ ប៉ុន្តែពេលខ្លះ អ្នកអាចសម្គាល់មើលឃើញទេថា កាលណាមនុស្សមានគោលដៅជីវិតច្រើន នៅចុងបញ្ចប់គេពុំសូវទទួលបានជោគជ័យក្នុងការសម្រេចគោលដៅទាំងនោះនោះទេ ឬមួយជោគជ័យតិចតួចប៉ុណ្ណោះ។
ទាក់ទងនិងបញ្ហានេះ យើងក្រឡេកមកមើលការកំណត់គោលដៅជីវិតរបស់លោក Warren Buffett វិញ។ គំនិតរបស់មហាសេដ្ឋីអាមេរិករូបនេះបានលើកឡើងថា ការកំណត់យកគោលដៅសំខាន់ៗកាន់តែតិច ជាលទ្ធផលគឺទទួលបានជោគជ័យច្រើនជាង ការកំណត់យកគោលដៅច្រើន។
ហេតុអ្វីបានជាមហាសេដ្ឋីដែលជោគជ័យលើវិស័យជំនួញរូបនេះលើកឡើងដូច្នេះ?
គំនិតរបស់លោកបានបង្ហាញនៅពេលមួយដែលលោកបានណែនាំដល់ពីឡុតផ្ទាល់ខ្លួនឈ្មោះ Mike Flint អំពីការសរសេរ និងសម្រេចគោលដៅ។ លោកបានណែនាំលោក Flint ឱ្យសរសេរចេញគោលដៅដែលខ្លួនចង់សម្រេចបានចំនួន២៥។ បន្ទាប់មក មហាសេដ្ឋីរូបនេះបានណែនាំឱ្យពីឡុតរើសយកគោលដៅចំនួន៥ ដែលគិតថាសំខាន់បំផុត។ ដូច្នេះគោលដៅរបស់ Flint ត្រូវបានបែងចែកជាពីរគឺគោលដៅសំខាន់បំផុត៥ និងគោលដៅសេសសល់២០ទៀត ជាគោលដៅបន្ទាប់បន្សំ។

តាមការគិតរបស់ Flint លោកគិតថា លោកនឹងផ្តោតទៅលើគោលដៅសំខាន់ចំនួន៥នោះ និងបន្តទៅធ្វើគោលដៅ២០ទៀតដែលនៅសេសសល់។ ប៉ុន្តែអ្វីដែលមិននឹកស្មានគឺ លោក Buffett បានណែនាំលោក Flint ឱ្យបញ្ឈប់ការគិតខ្វាយខ្វល់ពីគោលដៅសេសសល់២០នោះ ដោយលោកលើកឡើងថា គោលដៅទាំង២០នឹងជាផ្លូវនាំឱ្យលោក Flint មិនអាចសម្រេចបានជោគជ័យ ព្រោះវាជាការរំខាន។
ដូចនេះ ហេតុផលសំខាន់ និងជាគំនិតលោកមហាសេដ្ឋី Warren Buffett លើកឡើងនោះ គឺនៅពេលដែលយើងមានគោលដៅច្រើនពេក គឺមិនអាចផ្តោតអាទិភាពឆ្ពោះទៅលើរឿងណាមួយឱ្យសម្រេចបានជោគជ័យប្រាកដប្រជានោះទេ។ ដោយហេតុថា គោលដៅច្រើន យើងនឹងផ្តោតទៅលើរឿងជាច្រើនដែលវាជាការរំខានយើងចេញពីគោលដៅសំខាន់ៗ រហូតមិនអាចសម្រេចការណាមួយបាន។
ហើយនេះជាមូលហេតុនាំឱ្យយើងច្រើនបាក់ទឹកចិត្តនិងបង្អាក់យើង ពីការផ្តោតយកចិត្តទុកដាក់លើគោលដៅសំខាន់ៗឱ្យបានលេចជាលទ្ធផល។ ជាក់ស្តែងក្នុងករណីលោក Flint ពីឡុតផ្ទាល់របស់លោក Buffett បើលោកចង់សម្រេចគោលដៅទាំង២៥នោះ ប្រាកដណាស់ លោកពិតជាត្រូវចំណាយពេលច្រើនទៅលើរឿងជាច្រើននោះហើយជាលទ្ធផល ក៏មិនអាចមានពេលផ្តោតសម្រេចកិច្ចការសំខាន់បំផុតទាំង៥របស់លោក បានចេញជារូបរាងនោះដែរ៕
ប្រភព៖ LifeHack, Live Your Legend