រាជធានីភ្នំពេញ៖  «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះ និងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ករណីក្នុងក្របខណ្ឌទូទាំងប្រទេសប្រមាណ ២,៥៥០ករណី គិតត្រឹមខែកញ្ញា ឆ្នាំ២០២០។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះ មានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។ នេះបើយោងតាមសេចក្ដីរាយការណ៍ពី ឯកឧត្តម គី តិច ប្រធានមេធាវីសម្ដេចតេជោ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានឯកឧត្តម គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូប នៅគ្រប់រាជធានី-ខេត្ត។

ចាប់តាំងពីបង្កើតឡើង «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ ដើម្បីសម្រួលដល់ការទាក់ទងរបស់ស្ត្រីមានបញ្ហា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានប្រកាសបង្ហាញលេខទូរស័ព្ទជាសាធារណៈផងដែរ។