Image

ឆន្ទៈជាអ្នកដឹកនាំ៤ប្រការត្រូវបានចែករំលែកដោយលោក ពឹង គិមឆេន ជាគ្រូឧទ្ទេស នៃកម្មវិធីបណ្តុះបណ្តាលជាសាធារណៈក្រោមប្រធានបទស្តីពី”ឧត្តមានុវត្តន៍នៃភាពជាអ្នកដឹកនាំ”។ ឆន្ទៈ៤ប្រការនោះ ជាតម្លៃរបស់អ្នកដឹកនាំ ហើយក៏ជាគំរូល្អដល់កូនចៅផងដែរដែលមានបង្ហាញជាសង្ខេបដូចខាងក្រោម៖

. មេគុណ(មុនគេ)

ជាមេដឹកនាំដែលមានឆន្ទៈមុតមាំប្រាកដណាស់ គឺនឹងត្រូវបំពេញកិច្ចការមុនគេនិងច្រើនជាងអ្នកក្រោមបង្គាប់ ពោលគឺមិនត្អូញត្អែរ ឬខ្លាចក្នុងការកិច្ចការងារមុននិងច្រើនជាងបុគ្គលិកក្រោមបង្គាប់។ ដូចនេះ ឆន្ទៈ ជាមេដឹកនាំមួយរូប និងមានសមត្ថភាពគឺមិនខ្លាចក្នុងការទទួលបំពេញកិច្ចការមុន ឬច្រើនជាងអ្នកក្រោមឱវាទឡើយ។

. មេគិត(មិត្តគេ)

ចំណុចនេះ លោកគ្រូ គិមឆេន បានលើកឡើងថាមេដឹកនាំដែលមានឆន្ទៈ គឺចេះគិតគូរកិច្ចការជាមុន ពោលគឺគិតគូរជាមុននូវផែនការការងារច្បាស់លាស់មុននឹងត្រូវអនុវត្ត ដែលគេហៅថាជា មេគិត។ ពិសេសទៅទៀតនោះគឺការចូលរួមជាមួយបុគ្គលិក អ្នកក្រោមឱវាទទៅដោយស្មើភាព ដោយសមធម៌ ដែលបុគ្គលិកក្រោមបង្គាប់ច្រើនហៅនិងមានអារម្មណ៍ថាដូចជាមិត្តរបស់ពួកគេ។

. មេកែ(ម៉ែគេ)

នៅចំណុចនេះ គឺសម្តៅទៅលើ មេដឹកនាំប្រកបដោយឆន្ទៈប្រៀបដូចទៅនឹង អ្នកជួយកែប្រែ ណែនាំបុគ្គលិកឱ្យបានប្រសើរឡើងនូវកង្វះខាតចំណុចណាមួយពោលគឺអ្នកដឹកនាំដូចទៅនឹង ម្តាយដែលមើលថែទាំកូនៗ(បុគ្គលិក) ហៅណែនាំ ជេរស្តីថាប៉ុន្តែនឹងហៅមកវិញ ដោយចិត្តមេត្តាឱ្យកូនៗបានប្រសើរ រីកចម្រើន។

. មេគុក(មុខគេ)

នៅចំណុចចុងក្រោយទី៤នេះ ជាមេដឹកនាំគេគឺត្រូវចេះមើលការខុសត្រូវ ដឹងសុខទុក្ខ និងជីវភាពរស់នៅរបស់អ្នកក្រោមឱវាទ ដែលជាតម្លៃមួយរបស់អ្នកដឹកនាំនិងទទួលការគោរពពីកូនចៅ បុគ្គលិកក្រោមបង្គាប់។ បន្ថែមពីនោះទៀតមេដឹកនាំប្រកបដោយឆន្ទៈ គឺតែងនាំមុខគេរាល់កិច្ចការទាំងឡាយដែលមាន ដោយពុំខ្លាចឬត្អូញត្អែរពីបន្ទុកកិច្ចការនោះឡើយ។

សរុបមក មេដឹកនាំដោយឆន្ទៈ គឺមិនខ្លាចក្នុងការបំពេញកិច្ចការមុនគេមិនខ្លាចថាត្រូវបំពេញច្រើនជាងគេ មានផែនការច្បាស់ មិនខ្លាចក្នុងការសហការការងារដោយស្មើភាពជាមួយកូនចៅនិងនាំមុខគេរាល់ការបំពេញការងារដែលមាន៕