ការខូចខាត ដែលបង្កដោយ បាតុករក្រុមអាវលឿង ត្រូវបានប៉ាន់ប្រមាណប្រហែល ៥លានបាត។

ក្រុងបាងកក៖ តុលាការកំពូលថៃ កាលពីថ្ងៃពុធបាន ចោទមេដឹកនាំអាវលឿង៦នាក់ ដែលបានដឹកនាំ ការតវ៉ាប្រឆាំង នឹងលោកនាយករដ្ឋមន្ត្រី សាម៉ាក់ស៊ុនដារ៉ាវ៉េ កាលពីឆ្នាំ២០០៨ ។

មេដឹកនាំក្រុមចលនាប្រជាជន ដើម្បីលទ្ធិប្រជាធិបតេយ្យ៦នាក់នោះ មានឈ្មោះ លោក ចំឡង អាយុ ៨៣ឆ្នាំ លោក សុងឌី លីមថុងគុល លោក សំគៀត និងបក្សពួក ៣នាក់ផ្សេងទៀត ។ ពួកគេមានពិរុទ្ធ ពីបទអុកឡុក និងបំផ្លាញទ្រព្យសម្បត្តិរដ្ឋ រួមទាំងអគារ របស់រដ្ឋាភិបាលផងដែរ។

ក្រុមមេដឹកនាំអាវលឿងនេះ បានដឹកនាំការប្រមូលផ្តុំធ្វើបាតុកម្ម នៅវិមានប្រជាធិបតេយ្យ ដើម្បីជំរុញអោយលោក សាម៉ាក់ស៊ុនដារ៉ាវ៉េ លាលែងពីតំណែង។ក្រុមអ្នកតវ៉ាបានប្រើ ឧបករណ៍ដើម្បីកម្ទេចសោនៅលើច្រកទ្វាររដ្ឋាភិបាលមុនពេលកាន់កាប់បរិវេណចាប់ពីខែសីហាដល់ខែធ្នូ។

ការខូចខាតត្រូវបានប៉ាន់ប្រមាណប្រហែល ៥លានបាត។ ក្រុមបាតុករអាវលឿងក៏បានកាន់កាប់ក្រសួងហិរញ្ញវត្ថុនិងកសិកម្មនិងសហករណ៍ផងដែរ។តុលាការជាន់ខ្ពស់បានសម្រេចថា បាតុកម្មរបស់ពួកគេ មិនបានធ្វើឡើងដោយសន្តិវិធី ដូចដែល ពួកគេបានអះអាងនោះទេ ដូច្នេះពួកគេ ត្រូវសម្រេចឲ្យជាប់គុក ម្នាក់ៗ៨ខែ ៕ The Nation