សូមចូល Telegram  ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស

ដោយ​យោង​​ទៅ​តាម​មាត្រា​៥​ នៃ​ច្បាប់​​ស្តី​ពី​​វិធាន​ការ​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ​និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត​​ បាន​ចែង​អំពី​ទណ្ឌកម្ម​ទៅ​លើ​បុគ្គល​ដែល​បំពាន​​មិន​គោរព​ទៅ​តាម​ច្បាប់​នេះដែល​​ខ្លឹម​សារ​នោះ​បាន​ចែង​ថា​៖

បុគ្គល​ដែល​មិន​អនុវត្ត​តាម​វិធាន​ការ​សុខាភិបាល​ វិធាន​ការ​រដ្ឋបាលឬ​វិធាន​ការ​ផ្សេង​ទៀតដែល​ត្រូវ​បាន​​ដាក់​ចេញ​ស្រប​តាម​ច្បាប់​​នេះ ដើម្បី​ប្រយុទ្ធ​ និង​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩ ត្រូវ​ទទួល​ទណ្ឌ​កម្ម​​ដូច​មាន​ចែង​ក្នុង​ច្បាប់​នេះ​។ ទណ្ឌកម្ម​​​ក្នុង​ច្បាប់​​នេះ​រួម​មាន​ទណ្ឌកម្ម​រដ្ឋបាល និង​ទណ្ឌកម្ម​ព្រហ្ម​ទណ្ឌ​។

ទណ្ឌកម្ម​រដ្ឋបាល​រួម​មាន​៖

  • ការ​ព្យួរ ​ឬ​​ដក​ហូត​អាជ្ញា​ប័ណ្ណ​វិញ្ញា​បន​បត្រឬ​លិខិត​អនុញ្ញាត​ប្រកប​អាជីវកម្ម​
  • ការ​បិទ​អាជីវកម្ម​។

ទណ្ឌកម្ម​ព្រហ្ម​ទណ្ឌ​រួម​មាន​៖​

  • ពិន័យ​​អន្តរការណ៍​
  • ពិន័យ​ជា​ប្រាក់​
  • ទោស​ដាក់​ពន្ធ​នា​គារ​។

បទ​ល្មើស​​ផ្សេង​ទៀត​ដែល​ត្រូវ​​​ផ្តន្ទា​ទោស​ជា​ពិន័យ​អន្តរការណ៍ត្រូវ​កំណត់​ដោយ​អនុ​ក្រឹត្យ។

ការ​សម្រេច​ដាក់​ពិន័យ​​អន្តរការណ៍ ​ចំពោះ​ការ​បំពាន​វិធាន​ការ​សុខាភិបាល ​ជា​សមត្ថកិច្ច​របស់​ក្រសួង​​សុខាភិបាល​។ការ​សម្រេច​ដាក់​ពិន័យ​អន្តរការណ៍​ ចំពោះ​ការ​បំពាន​វិធាន​ការ​​រដ្ឋ​បាល​និង​វិធាន​ការ​ផ្សេង​​​ទៀត​ជា​សមត្ថកិច្ច​​របស់​ក្រសួង​ស្ថាប័ននិង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ដែល​​ចេញ​វិធាន​ការ​នោះ​។

ការ​បង់​​ប្រាក់​ពិន័យ​អន្តរការណ៍​រំលត់​បណ្តឹង​អាជ្ញា ​ចំពោះ​បទ​ល្មើស​​ដែល​​មាន​ចែង​ក្នុង​ច្បាប់​នេះ។ ការ​បង់​ប្រាក់​ពិន័យ​​អន្តរការណ៍​​ មិន​នាំ​ឱ្យ​រួច​ផុត​ពី​កាតព្វកិច្ច​​​អនុវត្ត​វិធាន​ការ​សុខាភិបាល ​វិធាន​ការ​រដ្ឋ​បាល ​និង​វិធាន​ការ​ផ្សេង​​ទៀត​ដែល​បាន​ដាក់​ចេញ​ស្រប​តាម​ច្បាប់​នេះ​ឡើយ​។

ក្នុង​ករណី​ជន​ល្មើស​មិន​ព្រម​បង់​ប្រាក់​ពិន័យ​​អន្តរការណ៍ ​ក្នុង​រយៈ​ពេល​៣០​​(សាម​សិប​) ​ថ្ងៃគិត​ចាប់​ពី​ថ្ងៃ​ទទួល​សេចក្តី​សម្រេច​ស្តី​ពី​ការ​​​ដាក់​ពិន័យ​​អន្តរការណ៍​មន្ត្រី​ដែល​មាន​នីតិ​សម្បទា​ជា​នគរ​បាល​យុត្តិធម៌​​នៃ​ក្រសួង​ស្ថាប័ន និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​កសាង​សំណុំ​រឿង​បញ្ជូន​​ទៅ​តុលាការ​ដើម្បី​ចាត់​​ការ​តាម​នីតិវិធី​​ជា​ធរមាន​។

ចុច​អាន​៖ច្បាប់​​ស្តី​ពី​​វិធាន​ការ​ទប់​ស្កាត់​​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​កូវីដ​-១៩​និង​ជំងឺ​ឆ្លង​កាច​សាហាវ​និង​ប្រកប​ដោយ​គ្រោះ​ថ្នាក់​​ធ្ងន់​ធ្ងរ​ផ្សេង​ទៀត