សូមចូល Telegram ក្រមាប៉ុស្ដិ៍ ទទួលបានអត្ថបទឆាប់រហ័ស
ភាសានៃក្តីស្រឡាញ់ត្រូវបានគេចាត់ទុកជារបៀបដែលអ្នកបង្ហាញក្តីស្រលាញ់ទៅមនុស្សជុំវិញខ្លួន មិនថាឪពុកម្តាយ បងប្អូន ដៃគូជីវិត ក្រុមគ្រួសារ មិត្តភក្តិ អ្នករួមការងារ ឬមនុស្សដែលបានជួប។ ហើយភាសាក្តីស្រឡាញ់ ឬកាយវិការនៃក្តីស្រលាញ់ទាំងនេះគឺមានអ្នក មនុស្សគ្រប់គ្នា និងរួមទាំងសព្វសត្វផងដែរដែលចង់បាន។ នៅក្នុងពេលវេលា ឬអាចហៅថាស្ថានភាពលំបាកពីជំងឺរាតត្បាតសកល(កូវីដ-១៩)អ្នកក៏អាចរៀនមើលនូវចំណុចតូចៗខ្លះ នៃភាសានៃក្តីស្រលាញ់ជាកាយវិការ ឬសកម្មភាពមួយដែលអ្នកអាចចែករំលែកក្តីស្រលាញ់ដល់អ្នកជុំវិញខ្លួនបាន ដែលជាគំរូល្អពិសេសនៅក្នុងពេលឆ្លងកាត់ភាពលំបាកទាំងអស់គ្នានេះ។
១.ពាក្យសរសើរចំពោះការធ្វើរឿងត្រឹមត្រូវ
ពាក្យសរសើរលើកទឹកចិត្តចំពោះការធ្វើរឿងត្រឹមត្រូវប្រៀបដូចកម្លាំងចិត្តជួយដល់អ្នកជុំវិញខ្លួនអ្នកដែលបានធ្វើកិច្ចការងារជាប្រយោជន៍ជារឿងត្រូវ ឱ្យបន្តនិងរីករាយធ្វើរឿងនោះជាបន្តទៀត។ ហើយនេះ ប្រើដូចជារង្វាន់ ឬជាក្តីស្រលាញ់ទៅដល់អ្នកដែលបានធ្វើរឿងល្អទាំងនោះ។ ពាក្យសរសើរខ្លះៗ ដែលអ្នកអាចនិយាយទៅកាន់សមាជិកគ្រួសារដូចជា "ចូលចិត្តស្នាដៃធ្វើម្ហូបពីល្ងាចមិញណាស់"ឬការសរសេរជា Note ខ្លីមួយអរគុណដល់សមាជិកគ្រួសារអ្នកដែលបានធ្វើរឿងល្អៗហើយនេះជាឧទាហរណ៍តូចមួយនៃភាសានៃក្តីស្រឡាញ់ទៅដល់ពួកគេ។
២.ការជួយសម្រួលការងារ
ពិតណាស់ទាំងយើង ទាំងគ្រប់គ្នា នឹងមានអារម្មណ៍រីករាយកក់ក្តៅនៅពេលមួយដែលអ្នកកំពុងហត់នឿយគ្រាំគ្រា ប៉ុន្តែស្រាប់តែមានជំនួយពីនរណាម្នាក់។ ជាឧទាហរណ៍ជាក់ស្តែងក្រុមគ្រូពេទ្យដែលកំពុងហត់នឿយធ្វើការព្យាបាលនិងទប់ស្កាត់ការរីករាលដាលនៃកូវីដដូចនេះមានការផ្តល់ជំនួយជាសម្ភារៈជាកម្លាំង ជាសារលើកទឹកចិត្ត ឬមួយការចូលរួមសហការផ្តើមចេញពីអ្នកក្នុងការថែរក្សាប្រកាន់ភ្ជាប់នូវអនាម័យ និងវិធានការការពារមិនឱ្យមានការរាលដាលបន្ថែមក៏ជាភាសានៃក្តីស្រឡាញ់មួយបង្ហាញទៅដល់ពួកគេផងដែរដែលអ្នកបានជួយសម្រួលនិងបន្ថយបន្ទុកដល់ពួកគាត់។
៣. អំណោយ
រាប់ជាកាយវិការនៃក្តីស្រឡាញ់ផងដែរសម្រាប់របស់របរមួយចំនួនជាអំណោយទៅដល់អ្នកដែលស្រឡាញ់ពេញចិត្តរបស់ទាំងនោះ។ អំណោយក្នុងន័យនេះគឺមិនមែនសម្តៅលើសម្ភារៈនិយមនោះទេ ប៉ុន្តែជាការចែករំលែកក្តីស្រឡាញ់ទៅដល់មនុស្សជុំវិញខ្លួនអ្នកជាឧទាហរណ៍ ប្អូន ឬកូនៗអ្នកត្រូវចូលរៀនថ្នាក់ឧត្តមសិក្សាដែលតម្រូវការសម្ភារៈសិក្សាដូចនេះអ្នកអាចអំណោយដល់ពួកគេនូវសម្ភារៈទាំងនោះ។ ឬមួយអ្នកដឹងថាលទ្ធផលសិក្សាពួកគេបានល្អប្រសើរបើអ្នកដឹងពីវត្ថុឬអ្វីដែលពួកគេចូលចិត្តក៏អាចកាដូជាអំណោយពួកគេនូវរបស់ទាំងនោះតាមលទ្ធភាពដែលអាចធ្វើបានជាការប្រសើរ។
៤.ការចំណាយពេលដោយយកចិត្តទុកដាក់
កូវីដរាតត្បាតមិនទាន់ស្រាកស្រាន្តប៉ុន្តែយើងនៅតែអាចបង្ហាញក្តីស្រឡាញ់ដោយមានពេលវេលាមួយចំនួនទៅដល់មនុស្សជាទីស្រឡាញ់របស់អ្នកដូចជា ការចំណាយពេលខ្លះខលទៅសួរសុខទុក្ខវីដេអូខល ឬចំណាយពេលវេលាមួយផ្នែករបស់អ្នកជាមួយសមាជិកគ្រួសារឧទាហរណ៍ការចំណាយពេលស្តាប់កូនៗរៀបរាប់ពីសកម្មភាព ឬមេរៀនពីសាលាដែលពួកគេបានរៀននៅថ្ងៃនេះ ឬនាំពួកគេទៅកម្សាន្តនៅទីកន្លែងសម្រាកណាមួយសុវត្ថិភាពដែលនេះគឺការបង្ហាញការយកចិត្តទុកដាក់ដោយក្តីស្រឡាញ់ទៅដល់ពួកគេ។
៥.ភាសាកាយវិការ
ចំណុចតូចៗខ្លះក៏រាប់ជាភាសានៃក្តីស្រឡាញ់ផងដែរពោលគឺសូម្បីការលើកទឹកចិត្តដល់អ្នករួមការងារជាសញ្ញាមេដៃ ឬមួយការប៉ះស្មានៅពេលមួយពួកគេកំពុងស្រ្តេសការងារទោះបីជាមិនអាចជួយអ្វីបាន ប៉ុន្តែសកម្មភាពទាំងនេះក៏ត្រូវបានគេសិក្សាឃើញថាជាសកម្មភាពមួយដែលបានធ្វើឱ្យអ័រម៉ូន Endorphin (អ័រម៉ូនក្នុងខួរក្បាលដែលជួយកាត់បន្ថយអារម្មណ៍ឈឺចាប់) កើតមានឡើងដែលនេះក៏ត្រូវបានរាប់ជាក្តីស្រឡាញ់ទៅដល់អ្នកជុំវិញខ្លួនផងដែរ។ បន្ថែមពីនោះសកម្មភាពតូចៗជាច្រើនទៀត ក៏រាប់ផងដែរដូចជាការសួរសុខទុក្ខការជួយសម្អាត ឬរៀបសណ្តាប់ធ្នាប់បានស្អាតនៅកន្លែងធ្វើការការយកចិត្តទុកដាក់លើចំណុចតូចៗ ក៏ជាការចែករំលែកក្តីស្រឡាញ់ដល់ពួកគេដែរ៕