ខេត្តសៀមរាប៖ ព្រឹត្តិការណ៍ សមរាត្រី (Autumnal Equinox ) ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នឹងឈានមកដល់នៅថ្ងៃស្អែក ទី២២ ខែកញ្ញាឆ្នាំ២០២២ នេះហើយ។ 

លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានឱ្យដឹងថា នាវេលាម៉ោង៦កន្លះព្រឹកថ្ងៃទី២២ ខែកញ្ញា ព្រះអាទិត្យនឹងរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត គឺជាវេលាពេលថ្ងៃ និងរយៈពេលយប់មានស្មើគ្នា ដែលជាព្រឹត្តិការណ៍ដ៏កម្រនេះ តែងតែកើតឡើង២ដងតែប៉ុណ្ណោះក្នុងមួយឆ្នាំ នៅក្នុងខែកញ្ញា និងខែមីនា។

ប៉ុន្តែអាកាសធាតុមិនអំណោយផលក្នុងសប្តាហ៍នេះ ប្រហែលជាយើងមិនអាចបានឃើញព្រឹត្តការណ៍នេះដូចរាល់ឆ្នាំទេ។ លើសពីនេះទៅទៀត ព្រឹត្តិការណ៍សមរាត្រីនាខែកញ្ញានេះ ត្រូវចំវេលាដែលខ្មែរកំពុងបោះបាយបិណ្ឌ ហើយគាប់ជួននឹងសេចក្តីមានចែងក្នុងសិលាចារឹកថ្នល់បារាយណ៍ K279 នាចុងសតវត្សរ៍ទី៩​បានអនុញ្ញាតឲ្យបោះបាយបិណ្ឌនៅថ្ងៃសមរាត្រីដែរ៕

អត្ថបទ: យី សុថា

រូបភាព: ហ៊ុំ រិទ្ធី រដ្ឋ ផល្លីន